header ads

Sponsor

បាត់ដំបងៈ កាលពីវេលាម៉ោង១០៖១០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងឃុំតាតោក ស្រុកសឡូត ខេត្តបាត់ដំបង ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅប៉ែកខាងលើក្នុងជួរភ្នំជាប់ព្រំដែនកម្ពុជា ថៃ បង្កឲ្យមានជំនន់ធ្វើអោយប៉ះពាល់ឃុំចំនួន៤ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឲ្យបាក់ស្ពានយោល និងផលដំណាកសិកម្មមួយចំនួន ហើយប្រជាពលរដ្ឋជាង២០គ្រួសារ ត្រូវ​បានជម្លៀសខ្លួនចេញពីលំនៅឋានជាបណ្តោះអាសន្ន។

បើតាមការបញ្ជាក់ពីលោក សើ សាម៉េត អភិបាលស្រុកសំឡូត បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្រោយមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា នៅតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូត បានបង្កជាជំនន់ទឹកភ្លៀងឡើង ធ្វើអោយឃុំចំនួន៤ ក្នុងស្រុកសំឡូតមាន ឃុំតាតោក ឃុំសំឡូត ឃុំតាសាញ និងឃុំអូរតាតៀក បានរងផលប៉ះពាល់បាក់ស្ពានយោលស្ទឹងក្រញូង លិចផ្ទះប្រជាពលរដ្ឋចំនួន២៧គ្រួសារជម្លៀសចេញបានតែខ្លួន និងផ្លូវមួយចំនួនមិនអាចធ្វើដំណើរឆ្លងកាត់បាន។

លោកបានបន្តថា ក្រោយមានជំនន់ទឹកភ្លៀងយ៉ាងគំហុក រហូតមកដល់ពេលនេះ ត្រូវបានប្រធានធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានសម្រេចបើកទ្វារទឹកក្នុងអាងពហុបំណងសេកសកបង្ហូរធ្លាក់ចូលស្ទឹងសង្កែ ធ្វើអោយស្ថានភាពទឹកផ្នែកខាងលើសំឡូតបានថមថយបន្តិច តែផ្លូវមួយចំនួននៅមិនទាន់អាចធ្វើដំណើរឆ្លងកាត់បាននៅឡើយ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post