header ads

Sponsor

ភ្នំពេញៈ ប្ដីប្រពន្ធម្នាក់​ ចេញពីជួបជុំមិត្តភក្តិ ល្វើយអស់កម្លាំង គាប់ជួនផឹកស្រាផងនោះ បើករថយន្តទៅផ្ទះមិនរួច ទើបឈប់រថយន្តក្បែរក្បែរប៉ុស្តិ៍ទឹកល្អក់១ ដេកលក់លើរថយន្តអស់មួយភាំង ស្រាប់តែត្រូវចោរលួចគាស់គន្លឹះទ្វារ ប្រមូលយកលុយអស់ជាង២ពាន់ដុល្លារ និងទូរស័ព្ទដៃ  iPhone រួចជិះគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកយកព័ត៌មាន  ចុះទៅសួរនាំដំណើររឿង  បែរជាលោកមេប៉ុស្តិ៍ទឹកល្អក់១ ដេញមិនឲ្យថតទៅវិញ។

ករណី​នេះ កើតឡើងនៅវេលាម៉ោង១៖០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទទី១៦ ខែកញ្ញា  ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាស៧មករា ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលទឹកល្អកទី១  ផ្លូវកម្ពុជាក្រោម  កែងផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះប្រុសស្រីទាំងពីរនាក់ បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហម  ពាក់ស្លាកលេខភ្នំពេញ 2AN-6745  មកឈប់ដេកលង់លក់ទាំងពីរនាក់ នៅខាងក្រោមស្ពានអាកាស៧មករា ជិតប៉ុស្តិ៍នគរបាលទឹកល្អកទី១  លុះក្រោយមកស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង  (មិនចាំម៉ាក)  បានមកធ្វើសកម្មភាពលួចគាស់គន្លឹះទ្វារថយន្ត ប្រមូលយកលុយ និងទូរស័ព្ទ ហើយគេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា ភ្លាមនោះក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីសាកសួរ អំពីដំណើររឿងយ៉ាងម៉េចខ្លះ? តែលោកនាយប៉ុស្តិ៍ទឹកល្អក់ទី១ បានហៅជនរងគ្រោះឲ្យបើករថយន្តចូលមកមុខប៉ុស្តិ៍ ដើម្បីទទួលពាក្យបណ្ដឹង រួចមិនឲ្យក្រុមព័ត៌មានមិនឲ្យថតរូបភាពនោះទេ។ ទំនងជាខ្លាចបែកធ្លាយថា ក្នុងមូលដ្ឋានខ្លួនអសន្តិសុខ ខណៈគ្មានកម្លាំងល្បាតទប់ស្កាត់ ដោយសូម្បីតែមុខប៉ុស្តិ៍នគរបាល ក៏ចោរហ៊ានធ្វើសកម្មភាពលួចបានយ៉ាងស្រួលដែរ មិនខ្លាចនគរបាលសោះ។ ព្រោះនៅមុខប៉ុស្តិ៍ មានកន្លែងលក់ស្រាក្រឡុក ចាក់ភ្លេងកំដរលាន់ត្រហឹង ពេញក្រោមស្ពាន អាកាស៧មករា ក៏ប៉ុស្តិ៍ទឹកល្អក់ទី១  មិនឈឺក្បាលដែរ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចេញពីកម្មវិធីមិត្តភក្តិបំណងទៅផ្ទះនៅគោករការ ខណ្ឌព្រែកភ្នៅ តែដោយសារតែផឹកបន្តិចបន្តួច  គាប់ជួនមិនសូវបានសម្រាកផង ទើបងងុយ បើករថយន្តទៅផ្ទះមិនរួច ទើបមកឈប់ដេកលក់លើរថយន្ត នៅចំណុចកេីតហេតុខាងលើ  ព្រោះគិតថា មិនអីទេ អាងតែនៅក្បែរប៉ុស្តិ៍នគរបាល ទើបនាំគ្នាដេកលង់លក់មួយភាំង ស្រាប់តែមិននឹកស្មានថា ចោរហ៊ានមកធ្វើសកម្មភាព លួចគាស់គន្លឹះទ្វាររថយន្តរបស់គាត់ ប្រមូលយកលុយចំនួនជាង១៤០០ដុល្លារ និងលុយខ្មែរចំនួន៨០ម៉ឺន រួមទាំងទូរស័ព្ទដៃស៊េរីទំនើប ២គ្រឿងទៀត គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ​ជនរងគ្រោះបានទៅដល់មុខប៉ុស្តិ៍ចូលដាក់ពាក្យបណ្ដឹងឲ្យ សមត្ថកិច្ច ធ្វើការស្រាវជ្រាវប៉ុណ្ណោះ។ ក្រោយពីដាក់ពាក្យបណ្ដឹងរួច ជនរងគ្រោះក៏​បានចេញមកក្រៅ  រួចរៀបរាប់ហេតុការណ៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បានដឹង រួចនាំគ្នាបើករថយន្តទៅផ្ទះទាំង សោកស្ដាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post