header ads

Sponsor

ភ្នំពេញៈ បុរសជនជាតិចិន បើករថយន្តស៊េរីទំនើបមួយគ្រឿង ជ្រុលទៅបុកប៉ះរថយន្តកាមរី មួយគ្រឿង បណ្ដាលឲ្យបាក់តែកញ្ចក់សម្រាប់មើលក្រោយប៉ុណ្ណោះ នៅចំណុចស្កុបអូឫស្សី  ហើយរថយន្តបង្កបានព្យាយាមបើករត់ដល់ស្កុប៤២ជាន់  ក៏ត្រូវភាគីរថយន្តកាមរី បានដេញតាមស្ទាក់ បង្កការភ្ញាក់ផ្អើលពេញមុខក្រុមហ៊ុនម៉ូតូ OMC នៅតាមផ្លូវព្រះមុនីវង្ស  សង្កាត់បឹតព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់  បើករថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ  2Z-4796 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស  ទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុ ចំណុចស្កុបអូរឫស្សី ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក MASERATI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-0555 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងល្បឿនលឿន ទិសដៅស្របគ្នាពីក្រោយ ទៅបុកបាក់កញ្ចក់មើលក្រោយផ្នែកខាងឆ្វេងរបស់រថយន្តកាមរី ហើយភ្លាមៗនោះ  អ្នកបើកបរជនជាតិចិន មិនបានឈប់ ឬចុះមកដោះស្រាយទេ បែរជាព្យាយាមបើករថយន្តរត់គេច ហើយត្រូវបាន​ភាគីរថយន្តកាមរីបានបន្ថែមល្បឿន ដេញតាមពីក្រោយ រហូតដល់មុខក្រុមហ៊ុនម៉ូតូអូរអឹមស៊ី ក៏តាមទាន់ ហើយវ៉ាទៅស្ទាក់ពីមុខរថយន្តទំនើបរបស់ជនជាតិចិននោះ  កណ្ដាលផ្លូវតែម្ដង និងឃាត់អ្នកបើកបរជនជាតិចិន ដើម្បីធ្វើការដោះស្រាយគ្នា។

ក្រោយមកភាគីជនជាតិចិន បានហៅគ្នីគ្នា មកជួយដោះស្រាយ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ រាយការណ៍ប្រាប់ដល់កម្លាំងសមត្ថកិច្ច ខណ្ឌ៧មករា  ចុះមកជួយអន្តរាគមន៍ ដើម្បីអោយផ្នែកជំនាញវាស់វែង ចុះមកពិនិត្យមើល និងអោយភាគីទាំងសងខាងដោះស្រាយ គ្នាមួយជំហ៊ានសិនផងដែរ។

ប៉ុន្តែការដោះស្រាយមិនត្រូវរូវគ្នានោះទេ ព្រោះភាគីជនជាតិចិន ដែលជាគ្នីគ្នាសុទ្ធតែស្រវឹង បានមកដល់កន្លែងកើតហេតុ ប្រកែកទទឹងទទែង បង្កការភ្ញាក់ផ្អើលដល់កម្លាំង សមត្ថកិច្ចដែលជួយសម្របសម្រួលនៅកន្លែងកើតហេតុនោះ ជួយអន្តរាគមន៍ ដើម្បីបង្ការកុំអោយ មានហិង្សាកើតឡើងផងដែរ។

ក្រោយមក ភាគីរថយន្តជនជាតិចិន បានដកលុយ៣០០ដុល្លារ មកសងថ្លៃខូចខាតដល់ភាគីរថយន្តកាមរី នៅចំពោះមុខសមត្ថកិច្ច ដើម្បីធ្វើការបញ្ចប់រឿងតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post