header ads

Sponsor

កែបៈ ប្រជាពលរដ្ឋមួយភាគនៅខេត្តកែប កំពុងប្រឈមនឹងភាពក្រីក្រ មិនអាចមានលទ្ធភាពទិញទូកធ្វើនេសាទនៅសមុទ្របាន ពួកគាត់បានងាកមកធ្វើឧបករណ៍ច្នៃមួយ អ្នកខ្លះយកកាំបិតកាយដីរកងាវ អ្នកខ្លះយកស្លាបព្រាបាយជីកដី អ្នកខ្លះទៀតធ្វើរនាស់ដែកខ្វាដី និងពលរដ្ឋខ្លះទៀត បានចងដែកអូសចុះ អូសឡើងនៅពេលដែលទឹកសមុទ្រនាជ។ ការប្រើឧបករណ៍ជាលក្ខណៈច្នៃបែបនេះ អាចប៉ះងាវនៅក្នុងដីបាតសមុទ្រ។

បើតាមការអោយដឹងពីស្ត្រីម្នាក់ឈ្មោះ ម៉ម វឿន អាយុ៥៣ឆ្នាំ រស់​នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បាននិយាយប្រាប់អោយដឹងថា ពលរដ្ឋដែលនាំគ្នាមកជីកដី និងយកដែកចងអូសដីក្នុងសមុទ្រ សុទ្ធតែអ្នកក្រីក្រទេ។ ការអូសដែកសង្កត់អោយធ្ងន់បន្តិចអាច និងប៉ះងាវ ហើយអ្នកអូសត្រូវឈប់រើសងាវសិន។ ចំណែកអ្នកជីក និងអ្នកកាយដី បើប៉ះងាវត្រូវរើសយកដែរ។

អ្នកភូមិភ្នំលាវ បាននិយាយប្រាប់បន្តថា ពេលទឹកនាជអ្នកភូមិជាច្រើននាក់ បានចុះមកសមុទ្រអស់ហើយ ខំស្វែងរកគ្រឿងសមុទ្រក្នុងម្នាក់ៗរកបាន២គីឡូទៅ៥គីឡូ និយាយដោយឡែកងាវនេះ លក់អោយទៅអ្នកទទួលទិញនៅកែប បានតែ៣ពាន់រៀលទេ ក្នុង១គីឡូក្រាម តែលក់បន្តអោយភ្ញៀវ ងាវ១គីឡូ៨ពាន់ទៅ១ម៉ឺនរៀល។

គេបានសង្កេតឃើញថា ប្រជាពលរដ្ឋនៅខេត្តកែបមិនមានលទ្ធភាពទិញទូកធ្វើនេសាទបាន ពួកគាត់តែងតែដើររកក្ដាមថ្មនៅក្នុងព្រៃកោងកាង ឬដើររកគ្រឿងសមុទ្រផ្សេងៗទៀតតាមលទ្ធភាព ដែលពួកគាត់រកបាន គ្រាន់​ដោះដូរជីវភាពប្រចាំថ្ងៃបាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post