
ព្រះសីហនុៈ ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីត្រូវគ្រាប់ភ្លើងរបស់លោកមេប៉ុស្តិ៍នគរបាលឃុំវាលរេញ ពេលបាញ់គំរាមជនសង្ស័យម្នាក់ បន្ទាប់ពីសុំឆែកឆេរកាបូប តែជនសង្ស័យព្យាយាមរត់គេច។
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចក្រោយផ្សារវាលរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈ្មោះ កែ សុខន ភេទប្រុស ៥១ឆ្នាំ បានដឹកនាំកម្លាំង២នាក់ (មន្ត្រីប៉ុស្តិ៍ម្នាក់ និងប្រជាការពារម្នាក់) រួមជាមួយអាវុធអាការ២ដើម បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដល់ចំណុចខាងលើបានប្រទះ ជនសង្ស័យម្នាក់ កាន់កាបូបគួរអោយសង្ស័យ ក៏ឃាត់សួរនាំ ពេលកំពុងឆែកឆេរមើលកាបូប ជនសង្ស័យក៏រត់គេចខ្លួន ហើយលោកនាយប៉ុស្តិ៍ បានបាញ់ចុះក្រោម ដើម្បីបង្អាក់ជនសង្ស័យ ស្រាប់តែផ្លាតគ្រាប់ទៅត្រូវស្ត្រីម្នាក់ឈ្មោះ ទូច សុខ អាយុ៦០ឆ្នាំ មានទីលំនៅដូចកន្លែងកើតហេតុ ដែលអង្គុយក្បែរនោះ បណ្តាលអោយរងរបួសធ្ងន់រួចក៏ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុកម្លាំងកម្លាំងកងរាជអាវុធហត្ថស្រុក បានចុះដល់កន្លែងកើតហេតុភ្លាមៗ រីឯជនសង្ស័យជាមេប៉ុស្តិ៍បានរត់គេចខ្លួនបាត់ ចំណែកសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


