Sponsor

ភ្នំពេញៈ បុរសម្នាក់ សង្ស័យបែកថ្នាំ ឬវិកលចរិតម្នាក់ (ឆ្កួត) ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាន់ទុយោជ័រមួយ ប្រហែលជាង១ម៉ែត្រ  បញ្ចេញក្បាច់គុន ដើរស្រាត តាមផ្លូវជាតិលេខ២ ដោយខ្លាចកើតមានបញ្ហាផ្សេងៗ ក៏រាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម  ជិះតាមមើលពីក្រោយ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖២៥នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩  នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីប៉ូលិសប៉ុស្តិ៍ចាក់អង្រែក្រោម បានប្រាប់ក្រុមការងារ ខេមប៉ុស្ដិ៍ ថា បុរសវិកលចរិតដើរ ស្រាតតាមផ្លូវខាងលើនេះ មានអាយុ៣០ឆ្នាំជាង  តែមិនដឹងផ្ទះសម្បែង សាច់ញាតិនៅឯណា ទេ មុនពេលកើតហេតុ  គ្រាន់តែទទួលបានដំណឹងពីប្រជាពលរដ្ឋថា ឃើញដើរស្រាតតាមផ្លូវ  មកដល់ស្តុបមុខវត្តចាក់អង្រែក្រោម ទើបកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកមើល ដោយឃើញសភាពមើលទៅ សង្ស័យថា គាត់ស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀន ដល់កម្រិត ក្លាយជាមនុស្សវិកលចរិតបាត់បង់ម្ចាស់ការ លែងដឹងអី រហូតដល់ដើរស្រាតតាមផ្លូវបែបនេះ។

មន្ត្រីប៉ូលិសបន្តទៀតថា  ដោយខ្លាចកើតមានបញ្ហា គ្រោះថ្នាក់ដោយប្រការណាមួយដល់អ្នកដំណើរ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ក៏បានជិះតាមឃ្លាំមើលពីក្រោយ រហូតដល់កណ្ដាលយប់ គាត់ដើរចូលក្នុងទឹកដីក្រុងតាខ្មៅបាត់ទៅ ដោយមិនមានរឿងអ្វីកើតឡើងឡើយ។

សូមអាជ្ញាធរពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ពិនិត្យមើលលើបញ្ហានេះផង ព្រោះកន្លងទៅ បុរសម្នាក់ ដែលគេស្គាល់ថា ជាមនុស្សប្រើប្រាស់ថ្នាំញៀនវង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯង អត់ផ្ទះសម្បែង រស់នៅតាមចិញ្ចើមផ្លូវ មិនដឹងមកពីណា ដើររើសនេះរើសនោះ  ចេះតែដើរដេកតាមសួនច្បារសាធារណៈ  ហើយឆ្លៀតលួចយករបស់របរអ្នកអង្គុយញាំអី   ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សារធារណៈយ៉ាងអនាធិបតេយ្យ រហូតដើរដេកកណ្ដាលផ្លូវ ត្រូវរថយន្ត៣គ្រឿង បើកបុកកិនពាក់កណ្ដាលខ្លួន រងរបួសធ្ងន់ នៅកណ្ដាលស្តុបចេនឡាផ្សារដើមគរ  ខណ្ឌទួលគោក តែរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការចុះមកដឹកជនរងគ្រោះ ដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយមិនខ្វល់ រហូតមានរថយន្ត គ្លីនិកឯកជន  ហុងហាក់  មកជួយដឹកយកទៅសង្គ្រោះដែរ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor