
ភ្នំពេញៈ រថយន្តតូយ៉ូតាព្រូស (TOYOTA PRIUS) មួយគ្រឿង ដែលម្ចាស់ចតទុកចោលមុខផ្ទះរាល់យប់ដូចសព្វដង ស្រាប់តែពេលជិតភ្លឺ បែរជាចោរលួចយកចេញទៅបាត់ ទើបម្ចាស់ស្នើឲ្យសមត្ថកិច្ចគ្រប់គោលដៅជួយស្ទាក់ចាប់ផង។
ហេតុការណ៍លួចរថយន្តនេះបានកើតឡើងកាលពីម៉ោងជាង៤ទៀបភ្លឺឈានចូលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចម្ដុំបុរីពិភពថ្មី១ ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
រថយន្ត ដែលត្រូវបានចោរលួចយកទៅបាត់នោះ ម៉ាកតូយ៉ូតា ព្រូស (TOYOTA PRIUS) ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BA-7896។
ម្ចាស់រថយន្ត បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រថយន្តរបស់គាត់ បានចតទុកមុខផ្ទះចោលដូចយប់សព្វដង តែនៅយប់ថ្ងៃកើតហេតុ ខណៈភ្ញាក់ពីដំណេកមក ទើបដឹងថា រថយន្តគាត់ ត្រូវបានចោរលួចយកចេញទៅបាត់ហើយ រួចគាត់ផ្ដល់ដំណឹងប្រាប់វិទ្យុABC ជួយផ្សព្វផ្សាយបន្ទាន់ ដើម្បីឲ្យសមត្ថកិច្ចប្រចាំការតាមគោលដៅនានា បានឃើញរថយន្តម៉ាក យ៉ូតា ព្រូស (TOYOTA PRIUS) ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BA-7896 ព្រោះអ្នកបើកបររថយន្តមិនមែនជាម្ចាស់រថយន្តទេ គឺជាចោរ ដែលលួចយករថយន្តរបស់គាត់ចេញពីម្ដុំបុរីពិភពថ្មី១ ក្រុងតាខ្មៅ ខេត្តកណ្តាល ដូច្នេះសមត្ថកិច្ចទាំងអស់ មានទាំងអាវុធហត្ថទាំងនគរបាល គ្រប់ជាន់ថ្នាក់ បានឃើញជួយស្ទាក់ចាប់រថយន្តនោះផង។
ក្រោយកើតហេតុម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវរករថយន្ត និងជនសង្ស័យដែលលួចរថយន្តនោះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
សូមបព្ជាក់ថា ជិតដល់រដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជនឆ្លៀតឱកាស តែងចេញរកស៊ីគ្រប់ពេល ជាពិសេសយប់ស្ងាត់ ហើយករណីចោរលួចរថយន្ត កំពុងកើតមានឡើងវិញ ដូច្នេះសូមបងប្អូនមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាការពាររបស់មានតម្លៃ៕

