header ads

Sponsor

ភ្នំពេញៈ ថ្លែងចេញពីសហរដ្ឋអាមេរិក លោក W.Patrichk Muryhy ឯកអគ្គរាជទូតអាមេរិកថ្មីប្រចាំកម្ពុជា ដែលនឹងកមកកម្ពុជា នាពេលឆាប់នេះ បានប្ដេជ្ញាចិត្តជួយកម្ពុជា-អាមេរិក ដើម្បីពង្រឹងទំនាក់ទំនង វិស័យពាណិជ្ជកម្ម សុខភាពសាធារណៈ ការអនុវត្តច្បាប់ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ រវាងប្រទេសទាំងពីរ។

យោងតាមវិដេអូជិត២នាទី របស់លោក W.Patrichk Muryhy បង្ហោះលើគេហទំព័រហ្វេសប៊ុក ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា លោកមានកិត្តិយស ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំកម្ពុជា ។ លោកថា ធ្លាប់បានមកកម្ពុជា ជាច្រើនលើកមកហើយ ក្នុងនាមជាអ្នកការទូត និងមកជាមួយគ្រួសារ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ដ្រ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។

លោកទន្ទឹងរង់ចាំចូលរួម ជាផ្នែកមួយនៃអនាគត ប្រកបដោយសមភាពរបស់កម្ពុជា។ ក្នុងរយៈ ពេល៣០ឆ្នាំនេះ លោកបានរស់នៅទូទាំងពិភពលោក ដោយរួមទាំងទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងនៅអាស៊ីអាគ្នេយ៍ ជាកន្លែងដែលលោក បានចំណាយពេលរស់នៅ ក្នុងប្រទេសសមាជិកអាស៊ានទាំង១០ផងដែរ។

លោក W.Patrichk Muryhy មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រួមមាន ការអភិវឌ្ឍពាណិជ្ជកម្ម សុខភាពសាធារណៈ ការពង្រឹងការអនុវត្តច្បាប់ ការអភិរក្សវប្បធម៌ និងការផ្លាស់ប្ដូរគ្នារវាងប្រជាពលរដ្ឋ។ ខ្ញុំមានការប្ដេជ្ញាចិត្ត ក្នុងការជួយប្រទេសយើងទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនង លើវិស័យទាំងនេះ និងចំណងទាក់ទងដទៃទៀត ព្រមទាំងផ្ដល់ការគាំទ្រ ដើម្បីឲ្យប្រទេសកម្ពុជា មានភាពរឹងមាំ រុងរឿង មានលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ

លោកទូតរៀបរាប់ថា ថ្មីៗនេះ នៅរដ្ឋធានីវ៉ាស៊ីតោន លោកបានដឹកនាំការិយាល័យកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់អាមេរិក ដោយផ្ដោតការងារជាច្រើនរបស់លោក លើតំបន់អាស៊ីអាគ្នេយ៍ ដែលជាចំណុចកណ្ដាល នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

លោកបន្ដថា មុនពេលក្លាយជាអ្នកការទូត លោកគឺជាគ្រូស្ម័គ្រចិត្ត របស់ទីភ្នាក់ ភីសខ័រ (Peace Corps) នៅប្រទេសកាម៉េរូន ដោយបានជួយយុវជន ឲ្យមានអនាគតភ្លឺស្វាង ក៏ដូចអ្នកស្ម័គ្រចិត្តភីសខ័រនៅកម្ពុជាដែរ។ លោកបានធំដឹងក្ដីនៅក្នុងរដ្ឋ Vermont ដែលនៅទីនោះ ស្រែចំការ គឺជាមូលដ្ឋាននៃសេដ្ឋកិច្ច ដូចកម្ពុជាដែរ។

ទូតអាមេរិកថ្មីលើកឡើងទៀតថា លោកព្រមទាំងភរិយាឈ្មោះ Kathleen និងសមាជិកឯទៀត នឹងមកនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post