header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអញ្ជើញទណ្ឌិត សម រង្ស៊ី កំពុងនៅក្រៅប្រទេស ចូលមកកម្ពុជាវិញ ឲ្យមុនថ្ងៃកំណត់ ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលចាប់ខ្លួន ខណៈសមត្ថកិច្ចនៅតាមព្រំដែន បានត្រៀមខ្លួនរួចជាស្រេច ។

នាយករដ្ឋមន្ដ្រី អញ្ជើញទណ្ឌិត សម រង្ស៊ី ចូលមកស្រុកខ្មែរវិញ មុនកំណត់ដោយសារតែ សម រង្ស៊ី បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ជាថ្ងៃវិលមកស្រុកខ្មែរ ដែលចំថ្ងៃបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ។

ក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស A នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ បានមានប្រសាសន៍ថា កងទ័ព និងនគរបាលទាំងអស់ ត្រូវដឹងតួនាទី គឺនៅពេលឃើញទណ្ឌិត សម រង្ស៊ី កន្លែងណាត្រូវចាប់ខ្លួនភ្លាម។

សម្ដេចតេជោបន្តថា ថ្ងៃទី៩ ខែវិច្ឆិកា ជាថ្ងៃបុណ្យឯករាជ្យជាតិ ហើយក៏ជាថ្ងៃកំណើត កងយុទ្ធពលខេមរភូមិន្ទដែរ។ មិនសម បើគេយកថ្ងៃនេះ ធ្វើជាថ្ងៃផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចាប់នាយករដ្ឋមន្ដ្រី ។ឥឡូវគេថា ស្ទុងមតិបានហើយ៦៥ភាគរយ នៃកម្លាំងប្រដាប់អាវុធគាំទ្រគេ (សម រង្ស៊ី) អញ្ជើញមកហែង អញ្ជើញឲ្យលឿន ហែងកុំចាំដល់ថ្ងៃណុង មកមុនមកកាន់តែល្អ” 

សម្ដេចបញ្ជាក់ថា សម រង្ស៊ីប្រកាសមកកម្ពុជាវិញ ដើម្បីចាប់ខ្លួនសម្តេច ប៉ុន្តែយល់ច្រឡំហើយ ព្រោះមនុស្សម្នាក់ ដែលព្រះមហាក្សត្រ ប្រទានគោរមងារជា “តេជោ” មិនអាចមកចាប់ងាយបាននោះទេ ។

សម្ដេចនាយករដ្ឋមន្រ្តីថ្លែងទៀតថា “ វាថា (សម រង្ស៊ី) ដឹកពីមកកូរ៉េផង ថៃផង បើមកពីកូរ៉េទាល់តែយន្ដហោះ ៥០០គ្រឿងអី ហើយទៅហោះឡើងងងឹតមេឃ រកន្លែងចុះមិនបានទេ។ នៅថៃគិតថា កម្មករនៅថៃគាំទ្រទាំងអស់ម៉េចមកថៃ មកខុសកន្លែង ប្រយ័ត្នត្រូវមីនងាប់ទៀត ហើយដោះមីនមិនទាន់អស់ទេ តាមព្រំដែនកម្ពុជា-ថៃ

ជាងនេះទៅទៀត សម្ដេចតេជោបន្ថែមថា ទណ្ឌិត សម រង្ស៊ី បានប្រមាថព្រះមហាក្សត្រ មិនមែនជារឿងធម្មតាមឡើយ ។ សម្ដេចថា គោលដៅរបស់ សម រង្ស៊ី មិនត្រឹមតែដកសម្ដេចចេញពីតំណែងទេ ព្រមទាំងឲ្យ ព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង។ ដូច្នេះទង្វើរបស់បុគ្គលនេះ មិនអាចលើកលែងទោសឲ្យបានឡើយ។

សម្ដេចនាយករដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់បុគ្គលមួយចំនួន ដែលគាំទ្រសកម្មភាព លោក សម រង្ស៊ី ក្នុងផែនការធ្វើរដ្ឋប្រហារ និងផ្តួលរាជរដ្ឋាភិបាល នឹងបន្តចាប់ខ្លួន។

សម្ដេចបានសម្តែងការហួសចិត្ត ចំពោះលោក សម រង្ស៊ី ធ្វើយុទ្ធនាការម្រាមដៃ៩ ចំពេលលោកប្រកាសមកវិញនៅថ្ងៃ៩ វិច្ឆិកា ។ តែសម្ដេចបានប្រែក្លាយថ្ងៃ៩ វិច្ឆិកា ជាថ្ងៃទទួលទានអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ។

នាយករដ្ឋមន្ដ្រីកម្ពុជារៀបរាប់ថា នៅថ្ងៃទី៩ វិច្ឆិកា ព្រះមហាក្សត្រ យាងចូលរួមដុតទៀនជ័យ ។ ថ្ងៃទី១០ ពេលល្ងាច ព្រះមហាក្សត្រ យាងទៅចូលរួមពិធីបុណ្យអុំទូក ។ ថ្ងៃទី១១ ពេលល្ងាច ព្រះមហាក្សត្រយាង ចូលរួមពន្លត់ទៀនជ័យ និងថ្ងៃទី១២ ពេលល្ងាច ព្រះមហាក្សត្រ យាងទៅកាត់ខ្សែបូនៃពិធីបុណ្យអុំទូក។ តែចង្រៃអី សម រង្ស៊ី មកស្រុកខ្មែរវិញចំថ្ងៃទី៩ វិច្ឆិកា ដូច្នេះចាត់ទុកថា មកនាពេលខាងមុខនេះ មានគម្រោងបំផ្លាញកម្ពុជាតែម្ដង ។

ឆ្លៀតឱកាសនោះ នាយករដ្ឋមន្ដ្រីបញ្ជាក់សាជាថ្មីថា ទោះបីកម្ពស់ទឹកសល់ត្រឹម១ម៉ែត្រ ក៏ត្រូវតែរៀបចំពិធីបុណ្យអុំទូកដែរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា មិនគួរយករឿងតូចតាច ចូលស្រុកវិញនាថ្ងៃទី៩ វិច្ឆិកា របស់លោក សម រង្ស៊ី ធ្វើជារឿងធំឲ្យគេចាប់អារម្មណ៍នោះទេ។ តាមយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃទី៧ តុលា គ ប ម បង្ហាញថា រឿងតូចតាចមិនសូវបានការ (ចូលស្រុកថ្ងៃ ៩វិច្ឆិកា) បែរជាធ្វើទៅជារឿងធំ ឲ្យគេចាប់អារម្មណ៍ ធ្វើឲ្យខ្មែរខឹងសម្បា ស្អប់ខ្ពើមគ្នា ។

គ ប ម បានស្នើឲ្យបញ្ឈប់ ធ្វើរឿងអត់ប្រយោជន៍សម្រាប់ជាតិទៅ ព្រោះនេះជាពេលវេលា ដែលខ្មែរត្រូវខំប្រឹងអភិវឌ្ឍន៍ខ្លួន រាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ផ្តល់សេវាសាធារណៈល្អ និងសហការគ្នា កសាងមោទកភាពជាតិខ្មែរឡើងវិញ ខណៈសៀម យួន ចិនគេទៅមុខលឿនហើយ នៅឡើយតែខ្មែរ ដែលចូលចិត្តឈ្លោះ និងធ្វើទុក្ខបុកម្នេញគ្នា។

សូមបញ្ជាក់ថា ការលើកឡើងរបស់ គ ប ម នេះ បន្ទាប់ពីអាជ្ញាធរ មានសមត្ថកិច្ចនៅតាមមូលដ្ឋាន បានចាប់ខ្លួនអ្នកដែលគាំទ្រ សកម្មភាពនយោបាយលោកសម រង្ស៊ីជាច្រើននាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post