header ads

Sponsor

បន្ទាយមានជ័យៈ បុរសម្នាក់ ជាមេបញ្ជាការរងខ២ នៃកងល្បាតទី២ កងការពារព្រំដែន៥០៣ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវជនដៃដល់​ កាប់ស្ទើរតែដាច់ក។

ហេតុការណ៍នេះ កើតឡើងកាលពី​វេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ​២០១៩ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ បានអោយដឹងថា ជនបង្កឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជាពលរដ្ឋរស់នៅចំណុ​ចកើតហេតុខាងលើ។ ចំណែកឯជនរងគ្រោះឈ្មោះ កែវ ពេជ្ររស្មី ឋានៈជាព្រិន្ទបាលឯក មុខងារមេបញ្ជាការរងខ២នៃកងល្បាតទី២ កងការពារព្រំដែន៥០៣។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានរៀបរាប់ថា រវាងជនរងគ្រោះជាមួយនឹងខ្លួនគេធ្លាប់មានជម្លោះនៅក្នុងវង់ផឹកស៊ី ហើយបានរងនូវការប្រមាថមើលងាយពីប្រពន្ធ និងជនរងគ្រោះផងដែរ។

ជនសង្ស័យ បានបញ្ជាក់បន្ថែមថា រូបគេត្រូវបានរងនូវការប្រមាថពីប្រពន្ធជនរងគ្រោះដោយយកចង្កិះមកវាយលើក្បាល ហើយរងការគំរាមថា និងបាញ់បំបែកក្បាលពីសំណាក់ព្រិន្ទបាលឯកនេះដែរ។ ដោយសារតែការប្រមាថមាក់ងាយនេះហើយ បានធ្វើអោយខ្លួនគេមានគំនុំដក់ជាប់ក្នុងចិត្ត គុំទុកយូរខែ ទើបនៅថ្ងៃកើតហេតុជាឱកាសល្អឃើញជនរងគ្រោះជិះម៉ូតូឌុបកូនដើរលេងមកក្បែរផ្ទះខ្លួនរស់នៅ ក៏សម្រេចចិត្តបញ្ចប់គំនុំចាស់នេះ។

ក្រោយកើតហេតុជនសង្ស័យមិនបានរត់គេចខ្លួនទេ គឺអោយគេដឹកតាមម៉ូតូចូលទៅសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់តែម្តង។ បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍កំពុងសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post