
ស្វាយរៀងៈ បុរសជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចក្រុបាវិត ចាប់ខ្លួន ក្នុងករណីបង្ខាំងមនុស្សទុកជំរិតទារប្រាក់ ខណៈដែលជនរងគ្រោះជាជនជាតិវៀតណាមដូចគ្នា ខ្ចីលុយយកទៅលេងល្បែង ហើយចាញ់អស់គ្មានលុយសង។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៥៖២០នាទីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បន្ទប់លេខ២១១៥ សណ្ឋាគារ កាស៊ីណូក្រោន ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ វ៉ូ ថាន់ទុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលីញ មានទីលំនៅឃុំ ឡើយហឹង ស្រុកមីឌឹក ទីក្រុងហាណូយ ប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ(C8085133)បានចាប់បង្ខាំងទៅលើឈ្មោះ ង្វៀង យ៊ាំងងារ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថិនហុង ឃុំថិនដៀង ស្រុកចូវថាន់ ខេត្តតៃនិញ គ្មានលិខិតឆ្លងដែន។
ប្រភពបានបន្តទៀតថា មូលហេតុ គឺជនរងគ្រោះ បានខ្ចីប្រាក់ចំនួន៣០០០USD(បីពាន់ដុល្លារ) ពីជនសង្ស័យ រួចយកទៅលេងល្បែងចាញ់អស់ ហើយគ្មានប្រាក់សង ទើបរូបគេចាប់បង្ខាំងទុកអោយសាច់ញាតិមកលោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕




