
ភ្នំពេញៈ ក្រុមគ្រួសារមួយ មានប្តីដើម ប្រពន្ធ កូន និងប្រុសសាហាយ បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ លាពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយសង្រ្គាមស្នេហា ខណៈបុរសល្មោភស្នេហ៍ ញ៉ែមិនរើសមុខបានមកដណ្តើមយកប្រពន្ធសាច់សខ្ចីរបស់គាត់ ទាំងកំពុងរស់នៅជាមួយគ្នា ដោយមិនទាន់លែងលះគ្នាដាច់ស្រេច។
យោងតាមបុរសវ័យចំណាស់ម្នាក់ ដែលគាត់អះអាងខ្លួនជាប្តីដើម បានរៀបរាប់ប្រាប់ឲ្យដឹងថារូបគាត់ និងប្រពន្ធបានរៀបការរួមរស់ជាមួយគ្នាអស់រយៈពេល១៦ឆ្នាំមកហើយ ដោយមានចំណងដៃកូនប្រុសស្រី២នាក់ កូនស្រី អាយុ១៥ឆ្នាំ និងកូនប្រុស អាយុ១៣ឆ្នាំ តែសោកស្តាយដែលពួកគាត់មិនបានចុះអេតាសេវិល។ ប្ដីដើមបានបន្តទៀតថា ការរស់នៅជាមួយក្រុមគ្រួសារ រួមទាំងម្តាយក្មេកនៅខេត្តព្រៃវែង គឺជិវិតគ្រួសាររបស់គាត់មានក្តីសុខខ្លាំងណាស់។
ប្ដីដើមបន្តថា មួយរយៈក្រោយមក ពួកគាត់បានចាកចេញពីស្រុកកំណើត មករស់នៅទីក្រុងភ្នំពេញ មកស្នាក់នៅម្តុំស្ទឹងមានជ័យ ដោយប្រពន្ធធ្វើជាកម្មកររោងចក្រកាត់ដេរ ចំណែករូបគាត់ជាប្តីប្រកបមុខរបរលក់ដូរបន្តិចបន្តួច ក្រោយមករូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ មិនសង្ឃឹមថារស់រានមានជិវិតដល់ថ្ងៃនេះទេ ខណៈគាត់កំពុងតែដេកសំរាកនៅមន្ទីរពេទ្យដោយក្តីអស់សង្ឃឹម បានផ្តែផ្តាំថា អូនអើយបើអត់ពីបងទៅ សូមអូនរកមនុស្សណាដែលល្អមើលថែអូនជំនួសបងចុះ មិននឹកស្មានថា ប្រពន្ធរបស់គាត់យកសំដីរបស់គាត់ទៅអនុវត្តន៍ទាំងគាត់មិនទាន់បានលាចាកលោកផង។
រូបគាត់ បន្តទៀតថា ស្រាប់តែរយៈពេលប្រហែល៦ខែកន្លងមកនេះ ក៏ឃើញបុរសម្នាក់ ដែលចូលខ្លួនមកសុំស្រលាញ់ប្រពន្ធរបស់គាត់ ធ្វើអោយគាត់ និងកូនៗ ព្រមទាំងម្តាយក្មេកមានការឈឺចាប់ និងខ្មាសដល់អ្នកស្រុក ក្រោយពេលបុរសខាងលើនេះ នាំប្រពន្ធរបស់គាត់ទៅដេកផ្ទះសំណាក់ ហើយថែមទាំងថតរូបឆាតអោយបងប្អូនរបស់គាត់មើលទៀត ថែមទាំងគំរាមមិនអោយគាត់ និងម្តាយក្មេកតេទៅរំខានប្រពន្ធគាត់ បើមិនអញ្ចឹងទេនោះ បុរសជាសាហាយស្មន់ និងបោកទូរសព្ទ័កម្តេចចោលលែងអោយមានការទំនាក់ទំនងគ្នា។
ជុំវិញករណីខាងលើនេះ លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលប៉ុស្តិស្ទឹងមានជ័យទី១ មិនហ៊ានទទួលពាក្យបណ្តឹង ពីបុរសជាប្តីដើមនោះទេ ដោយលោកបានអោយភាគីទាំង៣ ទៅប្តឹងនៅឯស្រុកកំណើតរបស់ពួកគាត់ នៅឯខេត្តព្រៃវែងវិញទៅ ព្រោះពួកគាត់បានរៀបការនៅទីនោះ។
ជាចុងក្រោយបុរសជាប្តីដើម បានអង្វរសមត្ថកិច្ចថា បើលោកមេប៉ុស្តិ៍មិនទទួលបណ្តឹងរឿងសាហាយស្មន់ក៏មិនអីដែរ តែគាត់សុំប្តឹងទារសំណងថ្លៃបុរសជាសាហាយបានបោកទូរសព្ទ័ដៃចំនួន៣គ្រឿង ដែលរូបគាត់ទិញអោយប្រពន្ធគាត់ ចាំរឿងប្តឹងសាហាយស្មន់ ចាំគាត់ទៅប្តឹងនៅស្រុកក៏បានដែរ៕






