header ads

Sponsor

ភ្នំពេញៈ ក្រោយពីផ្លូវមួយចំនួន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារ ទឹកជំនន់ និងទឹកភ្លៀង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិការួចជាស្រេចហើយ ដើម្បីជួសជុលផ្លូវដែលខូចខាត ប្រវែង២០៨គីឡូម៉ែត្រ។ សម្រាប់ថវិកា សម្រាប់ជួសជុលវិញ លោក ស៊ុន ចាន់ថុលមិនទាន់បាន បញ្ជាក់អំពីតួរលេខនៅឡើយទេ។

ក្នុងពិធីបើកយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ថវិកាសម្រាប់ជួសជុលផ្លូវនៅកម្ពុជា ក្រោយពេលរដូវប្រាំង ចូលមកដល់ភ្លាមៗ ក្រសួងសាធារណការ ក៏បានត្រៀមថវិការួចរាល់ហើយដែរ។

លោក មានប្រសាសន៍ថា ផ្លូវទាំងអស់ត្រូវស្ដារឡើងវិញ ជួសជុលថែទាំផ្លូវ ពេលចប់ភ្លៀងនេះឯង។ ដោយសារពេលខែភ្លៀង យើងជួសជុលថែទាំមិនបានទេ។ អីចឹងរដូវវស្សាចប់ហើយ យើងជំរុញគ្រឿងចក្រទាំងអស់ ជួសជុលភ្លាមៗ ដើម្បីស្ដារផ្លូវរបស់យើងទាំងអស់ឲ្យបានល្អ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសផងដែរ

លោកបញ្ជាក់ថា ផ្លូវខូចខាតដោយសារ ទឹកភ្លៀង និងទឹកជំនន់ មានប្រវែង២០៨គីឡូម៉ែត្រ។ ដូច្នេះលោក ក៏ធ្វើការណែនាំឲ្យប្រធានមន្ទីរ នៅតាមបណ្តាខេត្ត ជាប់មាត់សមុទ្រទាំងអស់ ដូចជា ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ត្រូវជួសជុលថែទាំផ្លូវឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការប្រណាំង “ជិះកង់អន្តរជាតិ” លើកទី១ នៅឆ្នាំ២០២០ ខាងមុខ ដែលកម្ពុជាត្រូវបានជ្រើសរើសជាប្រទេស មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកួតកីឡានេះ។

បន្ថែមពីនេះ សម្រាប់ការអភិវឌ្ឍន៍ នៅក្រុងព្រះសីហនុ រដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងថា រាជរដ្ឋាភិបាល មានគោលការណ៍អភិវឌ្ឍន៍ ក្រុងព្រះសីហនុ ជាក្រុងទី១ ដែលមានផ្លូវ៤គន្លង ទៅ៦គន្លង និងប្រព័ន្ធលូត្រឹមត្រូវ ជាដើម។លោកថា ការអភិវឌ្ឍន៍នៅក្រុងព្រះសីហនុ គឺប្រើប្រាស់រយៈពេល៨ខែ ប៉ុណ្ណោះ។ ដើម្បីធ្វើយ៉ាងណា ឲ្យភ្ញៀវទេសចរធ្វើដំណើរ កាន់តែមានភាពងាយស្រួល បន្ថែមទៀត។

ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល បានថ្លែងថា សម្រាប់ការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនពី ភ្នំពេញ-ព្រះសីហនុ ភាគីពាក់ព័ន្ធបានដោះស្រាយ ផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ បានយ៉ាងច្រើន។ ដូច្នេះ លោក សង្ឃឹមថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងចប់ជាស្ថាពរ នៅខែ៩ ឆ្នាំ២០២២ មុនការកំណាត់ បើតាមគម្រោងផ្លូវល្បឿនលឿននេះ គឺចប់ជាស្ថាពរ នៅខែ៣ ឆ្នាំ២០២៣ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post