header ads

Sponsor

ភ្នំពេញៈ បុរស៣នាក់បានស្លាប់គួរឲ្យអាណោចអាធម័ កប់ក្នុងគំនរកម្ទេចកម្ទី​បែកបាក់ ក្នុងការដ្ឋានសំណង់អគារខ្ពស់កំពុងសាងសង់មួយកន្លែង បន្ទាប់ពីបាក់អន្ទារកម្ពស់​១៦ជាន់ ដែលពួកគាត់កំពុងដំឡើងជណ្ដើរយន្ត បណ្ដាលឲ្យកប់លិចក្នុងគំនរបែកបាក់បាត់ ឃើញតែជើងម្ខាងឡើងលើប៉ុណ្ណោះ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង៨:១០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩នេះ  ស្ថិតតាមបណ្ដោយផ្លូវ៦៥ ក្នុងការដ្ឋានសំណង់អាគារខ្ពស់មួយកន្លែងកំពុងសាងសង់  ស្ថិតនៅចំណុចខាងកើតសណ្ឋាគារហូលីដេ ភូមិ១០  ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

សពរងគ្រោះទី១.ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងជណ្ដើរយន្តស្នាក់ក្នុងការដ្ឋានខាងលើមានស្រុកកំណើត ភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សពរងគ្រោះទី២.ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដំឡើងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋាន  និងមានស្រុកកំណើត ភូមិទន្លេរស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ សពរងគ្រោះទី៣.ឈ្មោះធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបជាងដំឡើងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋាន  និងមានស្រុកកំណើតនៅភូមិត្រពាងបី ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមប្រភពពីកម្មករម្នាក់ ដែលស្គាល់កម្មកររងគ្រោះទាំង៣នាក់ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះទាំង៣នាក់ ជាជាងដំឡើងជណ្ដើរយន្តក្នុងការដ្ឋានសំណង់កើតហេតុខាងលើ មុនកើតហេតុ ពួកគាត់បានបាត់ខ្លួនឈឹង  សូម្បីតែទូរស័ព្ទក៏ទាក់ទងមិនបាន តាំងពីព្រលប់ថ្ងៃសៅរិ៍  ទី១២ ខែតុលា មកម្លេះ ហើយក៏មិនដឹងថា បាក់អន្ទារដែលពួកគាត់ដំឡើងជណ្ដើរយន្ត នៅជាន់ទី១៦ នៃសំណង់អាគារកំពុងសាងសង់ កម្ពស់២១ជាន់នេះ តាំងពីម៉ោងប៉ុន្មាននោះទេ។

ទើបនៅវេលាម៉ោង៨:១០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រួយបារម្ភពីសុវត្ថិភាពផង ពួកគាត់បានដើររកមើល និងគាស់សង្ក័សីដែលបាំងជណ្ដើរយន្តនោះ មើល ស្រាប់តែភ្ញាក់ផ្អើលតែម្ដង ព្រោះឃើញជើងមនុស្សម្នាក់ បាស់ឡើងលើ និងក្បាលកប់ទៅក្នុងគំនរបែកបាក់ លិចបាត់  មិនដឹងថាជាអ្នកនោះទេ  តែជាងជណ្ដើរយន្ត មានតែពួកគាត់ទាំងបីនាក់ដែលបាត់ខ្លួនប៉ុណ្ណោះ ទើបប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើល រួចធ្វើកំណត់ហេតុ  រាយការណ៍ជូនថ្នាក់លើ បានដឹងបឋមសិនប៉ុណ្ណោះ ដើម្បីរងចាំព្រឹកឡើង សមត្ថកិច្ចជំនាញមកកាយយកជនរងគ្រោះចេញមកធ្វើ កោសល្យវិច័យ  រួចប្រគល់សពឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមលិខិតអនុញ្ញាតសាងសង់ លេខ ២៤២ ដនស របស់ក្រសួងរៀបចំដែនដី  នគរូបនីយកម្ម និងសំណង់  ដែលបិទជាប់មាត់ទ្វាររបងចេញចូលការដ្ឋានខាងលើ បានអោយដឹងថា  សំណង់អគារខាងលើនេះ មានកម្ពស់អតិបរមា  ៨៧,៥០ម៉ែត្រ  មានជាន់ក្រោមដី៣ជាន់ ជាន់ផ្ទាល់ដី ពីជាន់ទី១ ដល់ជាន់ទី២១ និងឡៅតឿ  នៅលើដីឡូត៍ ទំហំ៤២០២ម៉ែត្រ ក្រឡា មាន វិញ្ញាបនបត្រ សម្គាល់ អចលនវត្ថុលេខ ១២០២១០១០-០០១, ១២០២១០១០-០០២, ១២០២១០១០-០០៥  ស្ថិតនៅផ្លូវលេខ៦៥,  ៨០,  ៤៧,  ភូមិ១០  សង្កាត់ស្រះចក  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ  របស់លោកស្រី  ប៉ា  វង្ស សម្ភារ  និងលោកស្រី  ប៉ា  វង្សទិត្យា (ទ្រព្យអវិភាគ) ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post