
ភ្នំពេញ៖ នៅវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ មនុស្សប្រុសស្រី២នាក់សង្ស័យជិះម៉ូតូទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួលខ្ទាតមនុស្សចូលកង់រថយន្តកុងតឺន័រខាងក្រោយកិនស្លាប់គួរឲ្យ អាណោចអាធ័មតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចខាងលិចស្តុបទួលពង្រប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
សពរងគ្រោះមានឈ្មោះ ហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំមុខរបរសន្តិសុខ ឯកជន យាមនៅផ្លូវកម្ពុជាក្រោម ស្នាក់នៅបន្ទប់ជួលជិតសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើត ភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង (ស្លាប់បាក់ក ជាអ្នកឌុប)
ឯអ្នកជិះខាងក្រោយមានឈ្មោះ ខេង លក្ខណា ភេទស្រី អាយុ ១៩ឆ្នាំ នៅផ្ទះលេខ២៤៤ ផ្លូវលំសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង (ស្លាប់កិនបែកក្បាលនិងខ្លួនខ្ទេច) អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HO.5624 ចំណែក រថយន្ត កុងតឺន័រ ដែលកិនជនរងគ្រោះបានបើករត់បាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ប្រុសស្រី២នាក់បើកម៉ូតូហុងដា ប៊ិត ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ធ្វើដំណើរស្របគ្នាបណ្ដាលឲ្យដួលចូលកង់រថយន្តកុងតឺន័រ កិនចំពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗទាំងពីរនាក់។ រថយន្តកុងតឺន័រដឹងថាកិនមនុស្សស្លាប់ហើយ ព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកឯម៉ូតូម្ខាងទៀតបានបើកចេញពីកន្លែងកើតហេតុទៅបាត់ផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៏សែនជ័យរងចាំសាច់ញាតិមកទទួលយកនៅពេលក្រោយ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕




