
ភ្នំពេញៈ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ក្រោយជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹង រួចប្រញាប់បើករត់គេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ នៅចំណុចមុខមណ្ឌលសុខភាពក្បាលកោះ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះ និងបុរស រងរបួសធ្ងន់ខាងលើ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY-7234 តាមបណ្តោយផ្លូវជាតិលេខ១ លុះដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់ភ្លាមៗ និងបុរសម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្ក បានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចុះមកវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីស្រាវជ្រាវវរករថយន្តបង្ក មកដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសាកសពស្ត្រីខាងលើ សមត្ថកិច្ចរកសាច់ញាតិមិនទាន់ឃើញទេ ដូច្នេះបើប្អូនណាបាត់សាច់ញាតិអាចមកមើលបាន ពេលនេះកំពុងតម្កល់ទុកនៅវត្តរង់ចាំសាច់ញាតិមកយក៕






