Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor Sponsor

សម្ដេចតេជោ ថា ពលករខ្មែរមួយចំនួន នៅតែបន្តចាញ់បោកមេខ្យល់ ទោះមានការប្រឡង ជ្រើសរើសត្រឹមត្រូវ

អានផ្សេងទៀត

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងមួយ ចំនួននៅតែបន្តចាញ់ក្រុមបោកមេខ្យល់ រត់ការលើសេវាផ្សេងៗ ទោះបីជាមានការរៀបចំប្រឡងជ្រើសរើសត្រឹមត្រូវ និងច្បាស់លាស់ក៏ដោយ។

ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១២ ក្រោមប្រធានបទ “តួនាទីព្រះរាជអាជ្ញា ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៅក្នុងតំបន់” នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ បានឲ្យដឹងថា សព្វថ្ងៃនេះមានពលករខ្មែរ ទៅធ្វើការនៅកូរ៉េ ជាង៥ម៉ឺននាក់ ចំណែកពលករវៀតណាមវិញ មានជាង២០ម៉ឺននាក់។

សម្ដេចតេជោ មានប្រសាសន៍ថា ខ្ញុំនិយាយអំពីពលករដែលទៅពីកម្ពុជា ទៅកូរ៉េ នៅមានអ្នកចាញ់បោកគេទៀត។ ទោះបីយើងបញ្ជូនតាមផ្លូវការ មានការប្រឡងច្បាស់លាស់ ។ ឧទាហរណ៍ សេវាត្រូវបង់ចំនួនប៉ុននេះ ប៉ុន្ដែនៅមានអ្នករត់ការទៅពីលើ ដើម្បីទទួលបានប្រាក់ពីពលករ នេះជាការកេងប្រវ័ញ្ចមួយ ទៅលើកម្លាំងញើសឈាម របស់កម្មករនេះបន្ថែមទៀត ។

ដើម្បីប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឲ្យបានទាន់ពេលវេលា នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យ ប្រទេសសមាជិក អាស៊ាន-ចិន ត្រូវមានគោលការណ៍រួមមួយ ឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ថែមថា អំពើជួញដូរមនុស្ស គឺជាគោល នយោបាយដ៏សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានអនុវត្តកន្លងមក តាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់នៃ អំពើជួញដូរមនុស្ស តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស គឺជាបញ្ហាលំបាក និងស្មុគស្មាញហើយជាបទល្មើសឆ្លងដែនខុសច្បាប់ និងជាឧក្រិដ្ឋកម្ម ដែលមានវិសាលភាពទាំងក្នុងតំបន់អាស៊ាន និងសកលលោក។

សូមរំលឹកថា កម្ពុជា បានអនុម័ត និងកំពុងរៀបចំច្បាប់គោលនយោបាយ លិខិតបទដ្ឋានពាក់ព័ន្ធជាមួយនឹងការបង្ការ ទប់ស្កាត់បង្ក្រាប និងផ្តន្ទាទោស អំពើជួញដូរមនុស្ស រួមមាន ៖ ក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទឆ្នាំ ២០០៨ ក្រមព្រហ្មទណ្ឌឆ្នាំ២០១០៕

Sponsor