header ads

Sponsor

ព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ដោយសម្តែងនូវក្តីរីករាយ ដែលយើងចាប់ផ្តើមសករាជថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅកម្ពុជាយើង ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកមុននឹងឈានដល់ការកែប្រែហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងខេត្តព្រះសីហនុ គឺកើតឡើងបន្ទាប់ពីពេល ដែលសម្តេចបានអញ្ជើញមកកាន់ខេត្តព្រះសីហនុនៅពេលដែលកើតមានសោកនាដកម្មរលំបាក់អគារ ហើយបានសង្កេតឃើញថា ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុមិនមានសមត្ថភាពគ្រប់គ្រាន់ ទ្រទ្រង់ជាមួយការអភិវឌ្ឍន៍របស់ខេត្តនេះ ទៅមុខបានទៀតទេ ដែលទាមទារឱ្យមានការកែប្រែជាបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ផ្លូវសរុបដែលត្រូវសាងសង់ គឺ៨៤គីឡូម៉ែត្រ តែយើងត្រូវចំណាយ ២៩៤លានដុល្លារ សហរដ្ឋអាមេរិក ដែលជាតម្លៃមួយដ៏ថ្លៃ ប៉ុន្តែនេះបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមានប្រភពចំណូលគ្រប់គ្រាន់ ដើម្បីចំណាយក្នុងការអភិវឌ្ឍន៍ប្រទេសដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាសាងសង់ផ្លូវនេះ បានពីប្រាក់សន្សំរបស់ជាតិ ហើយប្រាក់នេះមានចំនួនតិចតួចណាស់ បើធៀបនឹងប្រាក់សន្សំរបស់ជាតិនោះ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា គ្រាន់តែចំណូលពន្ធគយមួយ កម្ពុជាទទួលបានប្រមាណ២៥០លានដុល្លារ គឺអាចបើកប្រាក់បៀវត្សរ៍គ្រប់គ្រាន់សម្រាប់មន្ត្រីរាជការ ខណៈមួយខែៗកម្ពុជារកចំណូលបានប្រមាណ៥០០លានដុល្លារ ហើយទោះបីជាចំណាយអស់ពី២០០ ទៅ៣០០លានដុល្លារ ក៏យើងនៅសល់ប្រាក់សន្សំពី២០០ ទៅ៣០០លានដុល្លារដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា យើងនឹងធ្វើផ្លូវនៅខេត្តព្រះសីហនុអោយរឹងជាប់បំផុត ដែលមានគុណភាព ដែលសូម្បីតែផ្លូវថ្នល់ក៏យើងធ្វើឲ្យល្អ ទាក់ទាញប្រជាពលរដ្ឋមកមើលផ្លូវដែរ។ខណៈដែលផ្លូវដទៃធ្វើចំណាយពេល ប្រមាណ២ទៅ៣ឆ្នាំ តែផ្លូវនៅខេត្តព្រះសីហនុនេះ យើងធ្វើតែ៨ខែទេ ប៉ុន្តែគុណភាពវិញគឺល្អបំផុត។

សូមជម្រាបថា ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាផ្លូវធំៗ និង មានសោភ័ណ្ឌភាពបំផុតមិនធ្លាប់មាននៅកម្ពុជា ផ្លូវទាំង៣៤ខ្សែ នេះ មានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post