
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានគ្រងឯកសណ្ឋាន នគរបាលពាក់សក្តិ៣ ជិះម៉ូតូដេញកាក់ម៉ូតូ យុវជនម្នាក់ សុំពិនិត្យទឹកនោម និងសំឡុតគម្រាមយកទៅខណ្ឌ បង្កឲ្យមានការភ្ញាក់ផ្អើលទើបធ្លាយថាជាប៉ូលិសក្លែងក្លាយ កាលពីវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិឆ្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ជា សុផាណាត់ អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-1609។
ជនសង្ស័យ ដែលបន្លំជាប៉ូលិស មានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផល តាមអនឡាញ ស្នាក់នៅម្ដុំ ទូលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499 ។
តាមជនរងគ្រោះបានអះអាងថាមុនពេលកើតហេតុ គាត់បានជិះម៉ូតូ ពីរង្វល់មូលចោមចៅ ទៅតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ខណៈពេលនោះ ក៏មានបុរសម្នាក់ ពាក់ឯក សណ្ឋានប៉ូលិស ជិះម៉ូតូដេញពីក្រោយ រហូតដល់ចំណុចកើតហេតុខាងលើ បានកាក់ម៉ូតូសុំឆែកឆេរ។ឆែកឆេររួច រកមិនឃើញអីសោះ ក៏គំរាមយកទៅខណ្ឌ ដើម្បីពិនិត្យទឹកនោម។បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ធ្វើដំណើរ និងអ្នកយកព័ត៌មាន បានសាកសួរទៅលើប៉ូលិស សក្តិ៣នោះ ដើម្បីបញ្ជាក់ពីអត្ដសញ្ញាណច្បាស់លាស់ តែមិនព្រមឆ្លើយសោះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ អញ្ជើញប៉ូលិសនោះ និងយុវជនរងគ្រោះ មកប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ។ក្រោយសួរនាំប៉ូលិសម្នាក់នោះ បានឆ្លើយសារភាពថា ខ្លួនជាសមត្ថកិច្ចក្លែងក្លាយទេ ហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លា ព្រោះស្រលាញ់ខោអាវប៉ូលិសពេក។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចឃុំខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមវិតិធី៕



