
ស្ទឹងត្រែង ៖កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ តុលាការខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធក្នុងករណីប្រើឧបករណ៍នេសាទឆក់ត្រីខុសច្បាប់ ទៅកាន់ពន្ធនាគារ ក្រោយពីកម្លាំងជលផលខេត្តធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចដងទន្លេសេកុង ស្ថិតក្នុងភូមិស្រែតាប៉ាន ឃុំសាមឃួយស្រុកសេសាន ខេត្តស្ទឹងត្រែង។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះនី នូ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ត្រីជលផល បានឲ្យដឹងថា នៅថ្ងៃខាងលើ កម្លាំងជលផល បានសហការជាមួយក្រុមអភិរក្សត្រីមេពូជចុះបង្ក្រាបបទល្មើសឆក់ត្រីជាក់ស្តែង នៅកំពង់ទឹកភូមិស្រែតាប៉ាន ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានដកហូតនូវវត្ថុតាងរួមមាន៖ ក្បាលឆក់ (ក្តៅ) ចំនួន០១គ្រឿង ថ្នងដងត្រីចំនួន ០១គ្រឿង អាគុយម៉ាក JP កម្លាំង ៥០អំពែរចំនួន ០១គ្រឿង ទូកឈើក្បាលស្រួចប្រវែង ០៧ម៉ែត្រ ចំនួន០១គ្រឿង ម៉ាស៊ីន ម៉ាក Hinota កម្លាំង ១៨សេះ ចំនួន០១គ្រឿង និងត្រីក្អែកចំនួន ០៥ក្បាល ទម្ងន់១៣.៦គីឡូក្រាម។
នៅព្រឹកថ្ងៃទី២៦ វិច្ឆិកានេះ ជនសង្ស័យប្រើឧបករណ៍នេសាទឆក់ត្រីខុសច្បាប់ ត្រូវបានអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារក្រាំមេម៉ាយរង់ចាំការស៊ើបអង្កេតបន្ត៕



