header ads

Sponsor

ភ្នំពេញ៖ រដ្ឋសភាអនុម័តឱ្យរាជរដ្ឋាភិបាលចំណាយប្រមាណ៨២២៣លានដុល្លារ សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២០ដោយមានការកើនឡើងជិត២៣ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៩។
ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦ នាព្រឹកទី២៦ ខែវិច្ឆិការនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាបានប្រកាសថា សមាជិករដ្ឋសភាចំនួន១០៨រូប នៃសមាជិករដ្ឋសភាចូលរួមទាំងមូលបានអនុម័តជាឯកច្ឆ័ន ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ ដើម្បីការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចំរើន។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអ្នកឡើងការពារសេចក្តីព្រាងច្បាប់នេះមានប្រសាសន៍ថា កំណើនខ្ទង់ចំណាយរបស់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០នេះគឺសម្រាប់ចំណាយលើប្រាក់បៀវត្សមន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការអភិឌ្ឍជាតិលើគ្រប់វិស័យ។ ក្នុងនោះគ្រោងចំណាយជិត៧លានលានរៀលលើវិស័យសង្គមកិច្ចដែលជាអាទិភាពទី១ និងវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាង៤លានលានរៀល ជាអាទិភាពទី២។

ឯកឧត្តម បណ្ឌិត ជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ធនាគារ សវនកម្ម និងហិរញ្ញវត្ថុ នៃរដ្ឋសភាមានប្រសាសន៍ថា យោងតាមម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០ បានកំណត់នូវ សូចនាករថា ផលិតផលសរុបក្នុងស្រុក ហៅកាត់ថា ផ. ស.ស សម្រាប់មនុស្សម្នាក់ នៅឆ្នាំ ២០២០ខាងមុខនេះ នឹងកើនដល់១៨១៦ដុល្លារសហរដ្ឋអាមេរិក។

ក្នុងសម័យប្រជុំព្រឹកមិញនេះដែរ អង្គប្រជុំរដ្ឋសភា ក៏បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៨, សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម នៃច្បាប់ស្តីពីសហជីព ,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញា សហប្រជាជាតិស្តីពីច្បាប់សមុទ្រ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យមនិងផលស្តុកត្រីផ្លាស់ទីឆ្ងាយផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post