
ភ្នំពេញ ៖ កាលពីវេលាម៉ោង១៩ និង០០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនជាតិវៀតណាមម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន ដោយសារបង្ហោះយន្តហោះតេឡេកុម្ម៉ង់ប្រភេទDrone នៅលើតំបន់ហាមឃាត់ ដើម្បីចាប់រូបភាព និងទិដ្ឋភាពនានា ត្រង់ចំណុចមុខព្រះបរមរាជវាំងភូមិ១ ផ្លូវសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាំង វ៉ាន់យ៉ូ ហៅសុខ ហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ពុំមានលិខិតឆ្លងដែន (រស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ) ស្នាក់នៅផ្ទះលេខ២៥អឺ៣ ផ្លូវលេខ៣០០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រីឯសម្ភារៈដកហូតបានរួមមាន ៖ យន្តហោះបំពាក់កាមេរ៉ាថតរូប០១ ម៉ាកSG906 ខ្មៅ០១គ្រឿង ផលិតនៅប្រទេសចិន ថ្មចំនួន០១ដុំ តេឡេបញ្ជាចំនួន០១ និងទូរស័ព្ទចំនួន០១គ្រឿងពណ៌ខៀវ(សមុទ្រ)ម៉ាក់ oppo finds។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិវៀតណាមរូបនោះ បានដើរកាន់ថង់ដាក់ប្រអប់យន្តហោះតេឡេប្រភេទត្រូន លុះពេលដើរមកដល់ខាងមុខព្រះបរមរាជវាំង ក៏បានឈប់ ហើយបើកប្រអប់យកយន្តហោះប្រភេទត្រូនដែលបំពាក់កាមេរ៉ាថតរូបបង្ហោះលើតំបន់ហាមឃាត់ខាងមុខព្រះបរមរាជវាំង ពេលនោះដែរ ក៏មានការរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានភ្លាមៗអំពីបញ្ហានោះ ទើបកម្លាំងមូលដ្ឋានប៉ុស្តិ៍ជ័យជំនះចុះមកនាំខ្លួនបុរសបរទេសរូបនោះភ្លាមៗ រួមទាំងវត្ថុតាងទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំ។
បច្ចុប្បន្ន ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការនគរបាលខណ្ឌដូនពេញ បានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការបន្តទៀត៕




