header ads

Sponsor

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើលិខិតមួយផ្ញើជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំថវិកាប្រមាណ ៣លានដុល្លារ សម្រាប់ការផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខឡានចាស់គ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ។

នេះបើតាមការឲ្យដឹង​ពី​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន​ ក្នុងកិច្ចប្រជុំបូក ​សរុប​លទ្ធ​ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល​១០ខែ ឆ្នាំ២០១៩ ។

ឯកឧត្ដមបានមានប្រសាសន៍ថា៖ “ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលេខស្លាកឡានចាស់គ្មាន QR កូដ សូមអញ្ជើញទាំងអស់មកដូរយកស្លាកថ្មី ដែលមាន QR កូដ។ ពេលមកដូរនោះត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះ ផ្ទះកាត់នៅកន្លែងណា កាត់ឈ្មោះហើយ ប៉ុន្ដែអត់​យកលុយទេ ធ្វើឲ្យព្រី ដែលរាជរដ្ឋាភិបាលយើងត្រូវចេញឲ្យ​ប្រហែល ៣លានដុល្លារអាមេរិក បង់ឲ្យតែក្រុមហ៊ុន KTS ដែលមកជាន់លេខទេ គឺធ្វើឲ្យទទេ ដល់បងប្អូនប្រជាពលរដ្ឋយើង ជា​អំណោយរបស់រាជរដ្ឋាភិបាល”។

ការលើកឡើងរបស់រដ្ឋមន្រ្ដីក្រសួងសាធារណការ បន្ទាប់ពី​ពេល​ថ្មីៗកន្លងមកនេះ សមត្ថកិច្ចបានរកឃើញ និងចាប់បានអ្នកធ្វើ​ស្លាកលេខ​ក្លែងក្លាយចំនួន ៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរ​បាល, លេខខ.ម, លេខកងរាជអាវុធ​ហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ។

ជាមួយគ្នានេះ ឯកឧត្ដម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដើម្បីកុំឲ្យមាន​ស្លាកលេខសោះហោះ ឬក្លែង​​ក្លាយប្រើប្រាស់បន្ដទៀតនៅក្នុងប្រទេសកម្ពុជា គឺចាំបាច់ត្រូវប្ដូរ​មកលេខថ្មី ដែលមាន QR កូដ ដើម្បី​ផ្ដល់ឲ្យប្រជាពលរដ្ឋ​ប្រើប្រាស់ស្លាកលេខត្រឹមត្រូវ និងទទួលបាននូវ​ទិន្នន័យល្អ​ទាំងអស់ សម្រាប់ការគ្រប់គ្រងស្លាកលេខយានយន្ដ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post