Sponsor

បន្ទាយមានជ័យ៖ បុរសម្នាក់ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលក់រថយន្តឲ្យគេហើយ ប្រើល្បិចជួលមកជិះវិញ ហើយយកទៅលក់ឲ្យអ្នកផ្សេងបន្តទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក្រុងប៉ោយប៉ែត បានឲ្យដឹងថា យោងពាក្យបណ្ដឹងរបស់ឈ្មោះ យក់ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ចុះថ្ងៃទិ០៩ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណី រំលោភទំនុកចិត្ត កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកាស៊ីណូហ្វ័រធូណា ម្ដុំតោពីរ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឈ្មោះ លឹម ប៊ុនធឿន បានលក់រថយន្តម៉ាក លុចស៊ីស ( RX300) ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2798 ឱ្យទៅឈ្មោះ រស់ ជៀវ (ត្រូវជាឳពុកក្មេកឈ្មោះ យក់ បញ្ញា) ក្នុងតម្លៃ ១៥,០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារ) ប៉ុន្តែឈ្មោះ ប៊ុន ធឿន បានសុំជួលរថយន្តនោះពីឈ្មោះ យក់ បញ្ញា ដើម្បីជិ: ក្នុងតម្លៃ៥០០$ ក្នុងមួយខែ ហើយក្រោយមកឈ្មោះ លឹម ប៊ុនធឿន បានយករថយន្តទៅលក់ឲ្យអ្នកដទៃ ហើយគេចខ្លួនបាត់។

លោកបន្តថា ក្រោយទទួលបានពាក្យបណ្ដឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ប៊ុនធឿន បាននៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចកាស៊ីណូហ្គោឌិនក្រោណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកបញ្ជាការកូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

ក្រោយការសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងខាងលើ ហើយគេចខ្លូនមកស្នាក់នៅក្រុងប៉ោយប៉ែត រហូតដល់ថ្ងៃត្រូវឃាត់ខ្លួនតែម្តង ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បី ចាត់តាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor