ការផ្ទុះនៃវីរុសកូរ៉ូណា មិនអាចធ្វើឲ្យវិស័យអចលនទ្រព្យរងផលប៉ះពាល់ឡើយ ដោយសារតែជំងឺនេះ នឹងបាត់ទៅវិញ ក្នុងរយៈពេលខ្លីខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
លោក ច្រឹក សុខនីម បានពន្យល់ថា «កាលពីមុនកម្ពុជាក៏មានវីរុសផ្សេងៗដូចជា ជំងឺសារ, ជំងឺផ្ដាសាយបក្សី មុននឹងចូលដល់ជំងឺកូរ៉ូណានេះ។ ជាទូទៅជំងឺទាំងនេះនឹងបាត់ទៅវិញ ក្នុងរយៈពេលប្រមាណត្រឹមតែ១-២ខែប៉ុណ្ណោះ ហើយក្នុងរយៈពេលដ៏ខ្លីនេះ នឹងមិនអាចបង្កផលលំបាក ដល់វិស័យអចលនទ្រព្យនោះឡើយ ហើយក៏មិនជាបញ្ហាដែលបងប្អូនប្រជាពលរដ្ឋគួរបារម្ភពេកនោះឡើយ»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ ក៏បានអះអាងថា វិស័យអចលនទ្រព្យកម្ពុជា ឆ្នាំ២០២០ នៅតែបន្ដភាពរឹងមាំដដែល។លោកថា កត្តារឹងមាំដោយផ្អែកសរសរស្តម្ភ៣រួមមាន៖ ភ្នាក់ងារអចលនវត្ថុ, ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។
គួរបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និងជាង៩៨០០នាក់កំពុងមានមេរោគ៕
