ក្រោយពីក្រសួងសាធារណការ បានដាក់លក់លេខរថយន្តចុះបញ្ជីពិសេសផ្ទាល់ខ្លួន រួចមកកាលពីល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ រួចមក មិនបានប៉ុន្មានម៉ោងផង ការលក់បានប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក ទៅហើយ។ នេះជាបញ្ជាក់ពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងនៅព្រឹកនេះ។
លោកបានបន្តថា ការលក់លេខរថយន្តពិសេសនេះ គឺមិនអនុញ្ញាតអោយលក់អោយសាធារណៈជនទាំងអស់នោះទេ គឺមានលេខមួយចំនួនត្រូវទុកសម្រាប់ថ្នាក់ដឹកនាំធំៗ ដូចជា លេខ៧មករា លេខ CPP ជាដើម។ផ្លាកលេខរថយន្តពិសេស ដែលអាចដាក់ឈ្មោះខ្លួនឯង ឬដាក់តាមចិត្តចង់ ព្រមទាំងអាចកាន់កាប់មួយជីវិតនោះ អាចប្រើប្រាស់បានតកូន តចៅ ដែលមានតម្លៃចន្លោះពី២លានរៀល រហូតដល់ ១ពាន់លានរៀល និងអាចលើសពីនេះតាមរយៈការដេញថ្លៃ។
បើតាមរដ្ឋមន្រ្តីរូបនេះ នៅពេលផ្ទេរកម្មសិទ្ធិរថយន្ត ម្ចាស់យានយន្តក៏អាចរក្សាលេខចុះបញ្ជីពិសេសនេះទុក សម្រាប់ប្រើជាមួយរថយន្តថ្មីផងដែរ។ ក្រសួងសាធារណការ អះអាងថា ការបង្កើតឲ្យមានលេខចុះបញ្ជីពិសសផ្ទាល់ខ្លួននេះ គឺដើម្បីបន្ថែមជម្រើសដល់ប្រជាពលរដ្ឋ និងរកចំណូលជូនរដ្ឋទៀតផង។
ផ្ដល់សិទ្ធិដោយ៖ KhmerNas