header ads

Sponsor

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានត្រៀមមន្ត្រីជំនាញ២០០០នាក់ សម្រាប់តាមដានជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី នៅថ្ងៃចូលឆ្នាំចិន ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មករា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការរៀបចំក្រុមមន្ត្រីជំនាញតាមដានស្ថានការណ៍នេះ គឺដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍ជាក់ស្ដែង ស្របពេលដែលជំងឺរលាកសួតនេះ កំពុងរាតត្បាតនៅប្រទេសចិន។ សេចក្តីប្រកាសព័ត៌មានក្រសួង បានអះអាងដូច្នេះថា៖«មានមន្ទីរពិសោធន៍ជាតិ ត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះ ហើយមានក្រុមជំនាញសុខាភិបាលជាង២,០០០នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗ ត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ»។

ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិជាដើម។ ជាពិសេសត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ។

ក្រៅពីត្រៀមកម្លាំងមន្ត្រីជំនាញនេះ ក្រសួងសុខាភិបាល ក៏អំពាវនាវឱ្យពលរដ្ឋ ត្រូវប្រុងប្រយ័ត្នផ្ទាល់ និងការពារសុខភាពពីការឆ្លងជំងឺខាងលើ នារដូវបុណ្យចូលឆ្នាំចិន តាមរយៈការជៀសវាងចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ជាពិសេសកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។

ពលរដ្ឋជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬកសិដ្ឋានដែលមានសត្វរស់ សត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ ។ សាធារណជនត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។ ត្រូវចងចាំថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អត្រឹមត្រូវ។

ជាមួយគ្នាពលរដ្ឋ ក៏មិនត្រូវប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។ចំណែកអ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។ដោយឡែកបុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថាន សុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។ នេះបើតាមក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងតាមរយៈសេចក្តីជូនដំណឺងដូច្នេះថា ៖«ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលអាចកើតមានជាយថាហេតុ ដូច្នេះសូមក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ត្រូវនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ កុំទៅផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងកុំទៅក្បែរ ឬជិតអ្នកមានជំងឺផ្លូវដង្ហើមស្រួចនៅទីកន្លែងដែលដឹងថា មានជំងឺបាននិងកំពុងកើតមានឬកំពុងផ្ទុះរាតត្បាត»។

បើតាមក្រសួងសុខាភិបាល ក្នុងករណីពលរដ្ឋសង្ស័យឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានអាការគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ឬប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115 ។

បច្ចុប្បន្ននេះ កម្ពុជាមិនមានករណីជំងឺផ្តាសាយបក្សីកើតឡើងទៀតក៏ដោយ ក៏ពុំទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះនៅឡើយទេ។នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល។

គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ បានកើតឡើងចំនួន២២២ករណី ដោយក្នុងនោះប្រទេសចិន មានចំនួន២១៨ករណី (មានបុគ្គលិកសុខាភិបាល ដែលបានថែទាំអ្នកជំងឺមានចំនួន១៥នាក់) ,កើតមាន២ករណី នៅទីក្រុងបាងកក ប្រទេសថៃ  ដែលជាករណីនាំចូល និងប្រទេសកូរ៉េខាងត្បូង មាន១ករណី ដែលជាករណីនាំចូលតាមរយៈអ្នកដំណើរដូចគ្នា។ទន្ទឹមនឹងនេះក៏មានករណីមនុស្សស្លាប់៤នាក់ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា ជំងឺរលាកសួតនេះ បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) បានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន និងបានកំពុងរាលដាលទៅប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

Feature Ads

Previous Post Next Post
Sponsor