ប្រទេសវៀតណាមបានប្រកាសអាសន្ននៃការរីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណាថ្មីកាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ទៀតថា ខ្លួននឹងបញ្ឈប់រាល់ជើងហោះហើរទាំងអស់ទៅនិងមកពីប្រទេសចិន។ រដ្ឋាភិបាលវៀតណាម ក៏នឹងបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទៅលេងនៅប្រទេសចិនកាលពីរយៈពីរសប្តាហ៍កន្លងមកនេះដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រទេសវៀតណាមបាននិយាយថា រាល់ការអនុញ្ញាតសម្រាប់ជើងហោះហើរ រវាងវៀតណាមនិងចិន រួមមានហុងកុង និងម៉ាកាវ ក៏ដូចជាកោះតៃវ៉ាន់ ត្រូវបានផ្អាកបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងបន្ថែម។
ប៉ុន្តែក្រសួងការបរទេសតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបាននិយាយទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីស្នើសុំឱ្យវៀតណាមដកការបំរាមលើជើងហោះរបស់តៃវ៉ាន់វិញ។
ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់កោះតៃវ៉ាន់ក៏បាននិយាយថា ជើងហោះហើររបស់ខ្លួនបានដំណើរការឡើងវិញជាធម្មតា បន្ទាប់ពីត្រូវបង្ខំចិត្តលុបចោលជើងហោះហើរទៅកាន់ទីក្រុងហាណូយកាលពីថ្ងៃសៅរ៍។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់វៀតណាមបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នានានៅតែអាចប្រតិបត្តិការជើងហោះហើរទៅកាន់តៃវ៉ាន់បាន ប៉ុន្តែជើងហោះហើរទៅកាន់ចិនដីគោក ហុងកុង និងម៉ាកាវនៅតែត្រូវបានផ្អាក។
កោះតៃវ៉ាន់គឺជាវិនិយោគិនដ៏សំខាន់មួយនៅប្រទេសវៀតណាម ដោយវិនិយោគប្រហែល៣២ពាន់លានដុល្លារក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ៕
ប្រភព៖ Reuter
ផ្ដល់សិទ្ធិដោយ៖ Khmernas