នាវាទេសចរណ៍ទាំងអស់ ដែលមកពីឬធ្លាប់ឆ្លងកាត់ប្រទេសចិន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសម៉ាឡេស៊ីទៀតទេ។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីអ្នកដំណើរជនជាតិអាមេរិកម្នាក់នៅលើនាវា MS Westerdam ដែលបានចូលចតនៅក្នុងប្រទេសកម្ពុជា បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសកូវិដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ កាលពីថ្ងៃសៅរ៍។
លោកស្រី Wan Azizah ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាននិយាយថា«ចាប់ពីពេលនេះ រដ្ឋាភិបាលបានសំរេចចិត្ត មិនអនុញ្ញាតឱ្យកប៉ាល់ណាមួយ ដែលចេញឬឆ្លងកាត់កំពង់ផែណាមួយនៅក្នុងប្រទេសចិន ចូលមកក្នុងប្រទេសម៉ាឡេស៊ីឡើយ” ។
ក្រុមហ៊ុន MS Westerdam បានចូលចតនៅប្រទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ដោយដឹកអ្នកដំណើរចំនួន ១,៤៥៥ នាក់និងសមាជិកនាវិក ៨០២ នាក់ បន្ទាប់ពីត្រូវបានហាមឃាត់ដោយប្រទេសជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas