នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជូនជនបរទេសដែលចុះពីនាវាទេសចរ MS Westerdamទស្សនកិច្ចនៅទូទាំងរាជធានី តាមរយៈរថយន្តក្រុងសាធារណៈ មុននឹងពួកគេត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ ។ នេះបើតាមការចុះផ្សាយដោយក្រសួងព័ត៌មាន។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺនាំជនបរទេសមកពីនាវា Westerdam ដែលមកសម្រាកនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីទស្សនកិច្ចតាមរមណីយដ្ឋាន តាមដងទន្លេ មុខ ព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត មុនពេលដែលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ដើម្បីបង្ហាញពីភាពរីកចំរើនរបស់រាជធានីភ្នំពេញ។
ក្រសួងព័ត៌មានបញ្ជាក់ថា ជនបរទេសទាំងអស់នេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាល ថាគ្មាន រោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ ក្រោយចុះកប៉ាល់ទេសចរ Westerdam ដែលដឹកមនុស្សសរុបជាង២ពាន់នាក់៕
ផ្ដល់សិទ្ធិដោយ៖ Khmernas