លោក គី តិច មេធាវីម្នាក់ក្នុងចំណោមមេធាវីរដ្ឋាភិបាលទាំង៤នាក់ បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កុយ សៅ ចេញសេចក្តីសម្រេចឲ្យសាធារណជនទាំងអស់ ដែលចូលស្ដាប់សវនការជំនុំជម្រះលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោះម៉ាស់ចេញ។ ការស្នើនេះ ធ្វើឡើងនៅក្នុងសវនាការនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលាដំបូងរាជធានីភ្នំពេញ។
លោក គី តិច បានគូសបញ្ជាក់ថា អ្នកដែលចូលរួមស្តាប់សវនាការជាបន្តបន្ទាប់ តែងតែប្លែកមុខ អាចបង្កអសន្តិសុខនៅក្នុងតុលាការ ដោយសារកាមេរ៉ាសុវត្ថិភាពនៅក្នុងតុលាការ មិនអាចចាប់មុខអ្នកចូលរួមបានទាំងអស់។ លោកបញ្ជាក់ទៀតថា ប្រសិនបើអ្នកណា សង្ស័យថាខ្លួនមានមេរោគកូវីដ១៩ គួរតែសម្រាកនៅផ្ទះ ដើម្បីកុំឲ្យឆ្លងដល់អ្នកដទៃ។
ផ្ទុយពីការលើកឡើងរបស់ក្រុមមេធាវីរដ្ឋាភិបាល ក្រុមមេធាវីរបស់លោក កឹម សុខា បានស្នើឲ្យអ្នកចូលរួមស្តាប់សវនាការទាំងអស់ពាក់ម៉ាស់ ដើម្បីការពារ ការឆ្លងវីរុសកូវីដ១៩ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅទូរទាំងពិភពលោក៕
ផ្ដល់សិទ្ធិដោយ khmernas