header ads

Sponsor

ភ្នំពេញ៖  ក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយប៉ូលិសសេដ្ឋកិច្ច ដើម្បីចាត់វិធានការលើអ្នកលក់ម៉ាស់ និងទឹកអាល់កុល ដែលឆ្លៀតឱកាសឡើងថ្លៃខុសពីធម្មតា ខណៈដែលកម្ពុជា កំពុងមានករណីឆ្លងវីរុសCOVID-19 លើបុរសជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសិទកាសែតស្តីពីវីរុសCOVID-19 នាយប់ថ្ងៃទី៧ មីនា។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ពេលវេលានេះ គឺត្រូវរួមគ្នាដោះស្រាយបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ហើយមិនមែនជាពេលដែលត្រូវឆ្លៀតឱកាសរកស៊ី ដើម្បីក្លាយជាអ្នកមាននោះទេ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយដូច្នេះថា៖«យើងមានតែធ្វើការងារជាមួយអាជីវករ(លក់ម៉ាស់) លើបញ្ហានេះ គឺយើងមានតែការណែនាំគាត់ ហើយបើគាត់មានការឡើងថ្លៃហួសអំពីលក្ខណៈជាក់ស្ដែង យើងអាចធ្វើយ៉ាងម៉េចពិភាក្សាជាមួយខាងប៉ូលិសសេដ្ឋកិច្ច ព្រោះគេនឹងមានវិធានការរបស់គេ ព្រោះគេខាងច្បាប់ ហើយខាងពេទ្យខ្ញុំគឺមានតែការណែនាំឱ្យធ្វើយ៉ាងម៉េចតម្លៃ(ម៉ាស់ និងទឹកអាល់កុល) នៅតម្លៃសមស្រប»។

លោក ម៉ម ប៊ុនហេង ក៏អំពាវនាវឱ្យឱសថការី ឱសថការីរង និងអាជីករទាំងអស់ លក់ម៉ាស់ និងទឹកអាល់កុលលាងសម្អាតដៃក្នុងតម្លៃសមរម្យ ដែលអាចផ្ដល់លទ្ធផលភាពសម្រាប់ប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ ដើម្បីបង្ការវីរុសកូរ៉ូណា និងជំងឺឆ្លងផ្សេងៗ។

បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំរស់នៅ និងធ្វើការនៅខេត្តសៀមរាបម្នាក់ បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ពីជនជាតិជប៉ុនម្នាក់ ដែលធ្លាប់ស្នាក់នៅទីនោះ។ បុរសខ្មែរនេះ គឺស្ថិតក្នុងចំណោមមនុស្សចំនួន៤នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន ដែលត្រូវបានគេរកឃើញឆ្លងវីរុសCovid-19 បន្ទាប់ពីធ្វើដំណើរដល់ប្រទេសជប៉ុន ក្រោយចាកចេញពីខេត្តសៀមរាបតាមជើងហោះហើរវៀតណាម កាលពីថ្ងៃទី៣ មីនា។ ចំណែកមនុស្ស៣នាក់ទៀត កំពុងស្ថិតនៅបន្ទប់ដាច់ដោយឡែក ខណៈមនុស្ស៤០នាក់ ដែលប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុននោះ កំពុងស្ថិតនៅក្រោមការតាមដានសុខភាព។ ក្រសួងសុខាភិបាលកំពុងតាមស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយបុរសជនជាតិខ្មែរនេះ ដើម្បីយកមកឱ្យនៅដាច់ដោយឡែក ក្នុងការពារកុំឱ្យចម្លងទៅកាន់ពលរដ្ឋផ្សេងទៀត។ ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post