header ads

Sponsor

ភ្នំពេញ៖ បើរកពុំឃើញកូវីដ១៩ទេ ពលរដ្ឋខ្មែរនៅម៉ាឡេស៊ីជាង២០០នាក់ នឹងអាចវិលត្រឡប់មកកម្ពុជាវិញ។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសីទកាសែតជុំវិញករណីជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៧ មេសា។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រសួងនឹងសុំគោលការណ៍ពីប្រមុខរដ្ឋាភិបាល ក្នុងធ្វើមាតុភូមនិវត្តពលរដ្ឋខ្មែរជាង២០០នាក់មកកម្ពុជាវិញនេះ។ ឆ្លើយនឹងសំនួរអ្នកកាសែត រដ្ឋមន្ត្រីសុខាភិបាល បាននិយាយដូច្នេះថា៖«ប៉ុន្តែមានលក្ខណៈសំខាន់បំផុតគឺថាយើងនឹងសុំខាងភាគីម៉ាឡេស៊ីធ្វើតេស្តរកមេរោគកូវីដ-១៩អ្នកទាំងនោះ ហើយបើពួកគេមិនមានមេរោគកូវីដ-១៩ទេ យើងនឹងអាចឱ្យគាត់ត្រឡប់មកវិញ។ប៉ុន្តែបើអ្នកមានមេរោគកូវីដ ពួកគេត្រូវសម្រាកព្យាបាល(នៅម៉ាឡេស៊ី)ឱ្យជា»។

ពលរដ្ឋខ្មែរជាង២០០នាក់នោះ មានអ្នកទោសដែលទើបរួចផុតពីការអនុវត្តទោស ៧៣នាក់ និងអ្នកនេសាទខ្មែរ១៤៩នាក់។ អ្នកទាំងនោះ ក៏ត្រូវបន្តដាក់ចត្តាឡីស័ក១៤ថ្ងៃទៀតដែរ បើសិនជាមកដល់កម្ពុជា។នេះបើតាមលោក ម៉ម ប៊ុនហេង។

កម្ពុជា នៅសល់អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ទៀតប៉ុណ្ណោះ ក្នុងចំណោម១២២នាក់។ ដូច្នេះបានន័យថា អ្នកជំងឺកូវីដ១៩នៅកម្ពុជា ជាសះស្បើយ១១៩នាក់ ហើយគ្មាន​ករណីថ្មីរយៈពេល២សប្ដាហ៍មកនេះ។ ទោះកម្ពុជាគ្មានករណីថ្មីក្តី តែប្រជាពលរដ្ឋ មិនត្រូវមើលស្រាលលើជំងឺកូវីដ១៩នេះឡើយ ព្រោះវីរុសនៃជំងឺនេះ មិនទាន់ប្រាកដថា រលាយអស់ពីកម្ពុជានោះទេ។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង។

រដ្ឋមន្ត្រីសុខាភិបាលរូបនេះ បានបញ្ជាក់ថា វីរុសនៃជំងឺកូវីដ១៩ អាចបន្តរស់នៅ​ជាមួយ​មនុស្សរយៈពេលវែង ដូច្នេះពលរដ្ឋកុំទាន់យល់ច្រឡំថា វីរុសនេះអស់ពីកម្ពុជាឡើយ។ លោក ម៉ម ប៊ុនហេង អំពាវនាវឱ្យបន្តអនុវត្តវិធានការលាងសម្អាតដៃ ជាមួយនឹងទឹក​អាល់កុល ទឹកស្អាតនានា រួមទាំងពាក់ម៉ាស់ការពារមេរោគឆ្លងផង រហូតដល់មានការ​ប្រកាសជាផ្លូវការពីអង្គការសុខាភាពពិភពលោក និងក្រសួងសុខាភិបាល ថា វីរុសនេះ សាបរលាយបាត់ពីកម្ពុជា និងពិភពលោក៕ 

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post