ទីក្រុងហូជីមិញកំពុងស្វែងរកការយល់ព្រមពីនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីបិទជាបណ្តោះអាសន្ននូវក្រុមហ៊ុនពូជិនខប ដែលជាក្រុមហ៊ុនផលិតស្បែកជើងកីឡាធំជាងគេបំផុតនៅលើពិភព ដោយសារតែមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺកូវីដ១៩។
អាជ្ញាធរក្រុងហូជីមិញដែលជាទីក្រុងមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេនៅក្នុងប្រទេសវៀតណាមបន្ទាប់ពីទីក្រុងហាណូយ បានបង្ហាញពីការព្រួយបារម្ភចំពោះក្រុមហ៊ុនផលិតស្បែកជើងនេះ ដែលកំពុងផ្តល់ការងារដល់កម្មករចំនួន៧ម៉ឺននាក់ហើយធ្វើប្រតិបត្តិការ៣វេនក្នុងមួយថ្ងៃ។
អភិបាលក្រុងហូជីមិញបាននិយាយនៅក្នុងលិខិតមួយចុះថ្ងៃទី១១ខែមេសានេះ ដែលផ្ញើរទៅកាន់នាយករដ្ឋមន្ត្រីវៀតណាមថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩នឹងមិនប៉ះពាល់ត្រឹមកម្មករទេ ប៉ុន្តែវានឹងប៉ះពាល់ក្រុមហ៊ុននៅជិតខាងមួយចំនួនទៀត និងខេត្តជាប់គ្នាចំនួន៤។
អភិបាលក្រុងលោក Nguyen Thanh Phong បាននិយាយនៅក្នុងលិខិតនោះថា ទីក្រុងបានស្នើសុំការផ្អាកដំណើរការក្រុមហ៊ុនរយៈពេល៣ថ្ងៃចាប់ពីថ្ងៃច័ន្ទនេះ ស្របពេលនឹងថ្ងៃចុងក្រោយនៃបទបញ្ជាគន្លាតសង្គមជាតិរយៈពេល១៥ថ្ងៃ ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ខែមេសាមក ដើម្បីធានាសុវត្ថិភាពដល់កម្មករនៅក្នុងពេលកំពុងមានការរាតត្បាតរាតត្បាត។
ក្រុមហ៊ុនពូជិនខបបាននិយាយថា ខ្លួនគឺជាក្រុមហ៊ុនផលិតស្បែកជើងកីឡានិងស្បែកជើងធម្មតាម៉ាកល្បីៗ ដែលធំជាងគេបំផុតនៅលើពិភពលោក និងជាក្រុមហ៊ុនផលិតសម្រាប់ម៉ាកអន្តរជាតិដូចជា Nike Adidas និងម៉ាកល្បីៗមួយចំនួនទៀត។ ក្រុមហ៊ុនបាននិយាយនៅលើគេហទំព័រថា ខ្លួនផលិតស្បែកជើងជាង៣០០លានគូក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ២០% នៃតម្លៃលក់ដុំរួមនៃទីផ្សារកីឡានិងស្បែកជើងម៉ាកយីហោពិភពលោក៕ ប្រភព៖Bloomberg
ផ្ដល់សិទ្ធិដោយ៖ khmernas