កាលពីរដូវក្ដៅឆ្នាំ២០០៩ អតីតអ្នកចាត់ការក្រុមបិសាចក្រហមគឺលោក Alex Ferguson បានព្យាយាមជំរុញឱ្យ Ronaldo ផ្ទេរទៅក្លឹប Barcelona ជំនួសក្លឹប Real Madrid ប៉ុន្តែកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានសម្រេចចិត្តជ្រើសយកក្លឹបអធិរាជសក្នុងតម្លៃផ្ទេរ ៨០លានផោន។
គួររម្លឹកផងដែរថា ជាមួយក្រុមអធិរាជស Ronaldo បានឈ្នះពាន La Liga ២លើក ពានរង្វាន់ Champions League ៤លើក ពានរង្វាន់ស្បែកជើងមាសប្រចាំបាល់ទាត់អឺរ៉ុប ៣លើក និងពានរង្វាន់ Ballon d’Or ៤លើកពេលនៅរាជធានីអេស្ប៉ាញ មុននឹងចាកចេញទៅក្លឹប Juventus ក្នុងឆ្នាំ២០១៨ ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ដ្ររបស់ក្លឹប Real Madrid ដោយរកបាន ៤៥១គ្រាប់។
ការប្រជែងគ្នារវាង Ronaldo ជាមួយ Messi ក្នុងអំឡុងពេល ៩ឆ្នាំដែលគេលេងនៅអេស្ប៉ាញជាព្រឹត្តិការណ៍មួយដ៏សំខាន់នៅក្នុងវិស័យកីឡាបាល់ទាត់សម័យទំនើប។ យ៉ាងណាមិញ ពួកគេទាំងពីរស្ទើរតែបានលេងរួមគ្នានៅក្នុងក្រុមតែមួយទៅហើយ ប្រសិនបើបំណងរបស់លោក Ferguson បានសម្រេច។
យោងតាមសម្ដីរបស់លោក Ramon Calderon ដែលជាអតីតប្រធានក្លឹប Real Madrid លោក Alex Ferguson មិនសប្បាយចិត្តនោះទេ ពេលដែលក្លឹបនេះទាក់ទងចង់បាន Ronaldo ទើបលោករកវិធីធ្វើយ៉ាងណាឱ្យ Ronaldo ប្ដូរមក Barcelona ជំនួសវិញ។
លោក Calderon បាននិយាយប្រាប់សារព័ត៌មាន AS ថា៖ “ការចុះកិច្ចព្រមព្រៀងនោះត្រូវបានធ្វើឡើងរវាងខ្ញុំជាមួយ Ronaldo នៅចន្លោះឆ្នាំ២០០៧ និង២០០៨។ ការចរចាលើកនោះជាការចរចាមួយដ៏លំបាកជាមួយក្លឹប Manchester United ព្រោះពួកគេមិនចង់បាត់បង់កីឡាកររូបនេះ ប៉ុន្តែ Ronaldo ដឹងច្បាស់ថាគេចង់បានអ្វី”។
“គេចង់ចូលរួមជាមួយក្លឹប Real Madrid ហើយនោះជាឱកាសតែមួយគត់របស់យើង ហេតុនេះខ្ញុំបានឆ្លៀតក្ដាប់ឱកាសនោះឱ្យបាន”។
លោក Calderon បាននិយាយបន្តទៀតថា៖ “លោក Ferguson មិនចង់ឱ្យ Ronaldo ចាកចេញនោះទេ ហើយជាពិសេស លោកមិនចង់ឱ្យគេប្ដូរទៅ Real Madrid ជាក្លឹបដែលធ្លាប់ឈ្នះពានច្រើនជាងក្រុមបិសាចក្រហម ហេតុនេះហើយទើបលោកចង់លក់គេឱ្យ Barcelona ជំនួសវិញ”។
“Barcelona រីករាយណាស់ដែលទទួលបានឱកាសនេះ ប៉ុន្តែ Ronaldo ច្បាស់លាស់ចំពោះបំណងប្រាថ្នា និងកិច្ចសន្យាដែលគេបានចុះហត្ថលេខារួចហើយ”។
“យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលបានចែងថា ប្រសិនបើភាគីខាងក្លឹប ឬកីឡាករប្ដូរចិត្តវិញ មិនគោរពតាមកិច្ចសន្យា ត្រូវផ្ដល់សំណង ៣០លានអឺរ៉ូទៅភាគីម្ខាងទៀត”។
ទោះបីជាលោក Calderon បានអះអាងថាជាអ្នកចរចាទិញ Ronaldo បានសម្រេចក្ដី គឺលោក Florentino Perez ទៅវិញទេដែលបានបញ្ចប់ដំណើរការផ្ទេរនេះជាស្ថាពរនៅក្នុងរដូវក្ដៅ ឆ្នាំ២០០៩។
ការផ្ទេរនេះកើតឡើងនៅប៉ុន្មានខែក្រោយពេលដែលក្លឹប Barcelona បំបាក់ក្លឹប Man United ក្នុងលទ្ធផល ២ទល់នឹងសូន្យនៅវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត Champions League នៅឆ្នាំ២០០៩ ដែលកាលនោះគឺកីឡាករ Samuel Eto’o និង Messi ជាអ្នករកបានគ្រាប់បាល់។
Messi ធ្លាប់ទទួលស្គាល់ថាគេនឹកដល់គ្រាដែល Ronaldo នៅលេងក្នុងលីគ La Liga។ កាលពីខែវិច្ឆិកា Messi បាននិយាយប្រាប់សារព័ត៌មាន RAC 1 ថា៖ “ខ្ញុំចង់ឱ្យ Cristiano បន្តលេងនៅលីគអេស្ប៉ាញជាង គឺលេងនៅ Madrid ដដែល។ ខ្ញុំគិតថាបើគេនៅទីនេះ គេអាចផ្ដល់ភាពសំខាន់ដល់ការប្រជែងរបស់យើង ដល់ការប្រកួត Clasico និង La Liga ទាំងមូលផងដែរ”៕
ផ្ដល់សិទ្ធិដោយ៖ khmernas