header ads

Sponsor

ភ្នំពេញ៖ ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ ដែលតភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) សាងសង់បានចំនួន ៩១,១៤ ភាគរយហើយ។

ផ្លូវនេះមាន ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ,ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

ផ្លូវលេខ១១នេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ដោយចំណាយទឹកប្រាក់ ៩៨,៣៨៨,០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ។ ផ្លូវនេះ ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដូច្នេះថា៖«កំណត់ផ្លូវនេះជាកំណត់ផ្លវសេដ្ឋកិច្ចសំខាន់មួយ ដែលចាំបាច់ត្រូវពង្រីកដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ»។

រដ្ឋមន្ត្រីសាធារណការ លោក ស៊ុន ចាន់ថុល ដែលបានចុះត្រួតពិនិត្យផ្លូវលេខ១១ នៅព្រឹកថ្ងៃទី៤ ឧសភានេះ បានកត់សម្គាល់ឃើញថា ផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៣ ជាដើម មានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តើងឡើយ។ រដ្ឋមន្រ្តីសាធារណការរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត»។

បន្ថែមពីនេះលោក ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យចូលរួមថែរក្សាសម្បត្តិជាតិ ។ជាពិសេសអ្នកដែលមានលំនៅឋាននៅតាមបណ្ដោយផ្លូវជាតិ កុំបំពានដីចំណីផ្លូវ ហើយត្រូវគោរពតាមច្បាប់ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ឡើយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post