ក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទទី៤ឧសភានេះ បានអំពាវនាវឱ្យពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវអនុវត្តគ្រប់បែបយ៉ាងទាំងអស់តាមសេចក្ដីណែនាំនានារបស់រដ្ឋាភិបាល ដើម្បីកុំឱ្យមានការឆ្លងរាតត្បាតនៅក្នុងសហគមន៍ ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរ ចៀសវាងពិធីជួបជុំគ្នាច្រើនកុះករ ឬកាត់បន្ថយការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។
ការអំពាវនាវបែបនេះ ដោយក្រសួងបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩នៅលើសកលលោក មិនទាន់ធូរស្រាលនៅឡើយ ដោយសារប្រទេសមួយចំនួននៅទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី នៅតែរកឃើញករណីឆ្លងថ្មីបន្ថែមទៀត ដែលបានធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ជាង៣លាន២សែននាក់ ដោយក្នុងនោះស្លាប់មានជាង២សែន២ម៉ឺននាក់ ដែលគិតត្រឹមរយៈពេល២៤ម៉ោងមានអ្នកឆ្លងចំនួន៩១,៩៧៧នាក់ និងស្លាប់៥,៧៩៩នាក់។
ក្រសួងសុខាភិបាលបញ្ជាក់ថា សម្រាប់កម្ពុជាក្នុងរយៈពេល៣សប្ដាហ៍មកនេះ មិនមានករណីឆ្លងថ្មីនោះទេ ហើយក្នុងចំណោមអ្នកឆ្លងសរុបចំនួន១២២នាក់ គឺត្រូវបានព្យាបាលជាសះស្បើយចំនួន១២០នាក់ និងនៅសល់អ្នកជំងឺកូវីដដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន២នាក់ទៀត។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូឱ្យបានច្រើនដងគឺចាប់ពី២០ដងឡើងទៅក្នុងមួយថ្ងៃ និងពិសេសត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល បន្ទាប់ពីប៉ះពាល់វត្ថុអ្វីដែលសង្ស័យថាបានឆ្លងជំងឺ៕
ផ្ដល់សិទ្ធិដោយ៖ khmernas