ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួន ១៣៧ ១៥៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនចំនួន ១១៨ ១៨២នាក់ ឬជិត៩០% បានទទួលការរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបជាង៤៨៨ លានដុល្លា។ នេះបើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ។
សមាគមបានប្រមូលទិន្និន័យការរៀបចំឥណទានឡើងវិញជារៀងរាល់សប្តាហ៍ ពីសមាជិករបស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យនេះត្រូវប្រមូលឡើងក្នុងគោលបំណង តាមដានផលប៉ះពាល់ជាក់ស្តែងនៃជំងឺកូវីដ១៩ ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថានដែលជាសមាជិក និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអះអាងថា ខ្លួនអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបាន លុះត្រាតែមានការស្នើសុំពីអតិថិជន ដោយយោងតាមកិច្ចសន្យារវាងគ្រឹះស្ថាននិងអតិថិជន ,គោលការណ៍ការពារអតិថិជន ក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួនទៀត។
សមាគមមានជំនឿថា ៖«មានតែកិច្ចសហការប្រកបដោយសុច្ឆន្ទៈ និងដំណោះស្រាយប្រកបដោយវិជ្ជាជីវៈទេ ទើបអាចជួយដល់អតិថិជនដែលរងផលប៉ះពាល់ពិតប្រាកដប្រកបដោយប្រសិទ្ធភាព និងរក្សាបាននូវសុខមាលភាពវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលបាននិងកំពុងដើរតួនាទីចាំបាច់ មិនអាចខ្វះបានក្នុងការរក្សាស្ថេរភាពសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ហើយប្រសិនបើមិនមានដំណោះស្រាយសមស្របតាមលក្ខខណ្ឌបច្ចេកទេសនោះទេ នឹងអាចបង្កអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋជាតិទាំងមូល»។
គិតត្រឹមដំណាច់ត្រីមាសទីមួយ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឲ្យប្រជាជនកម្ពុជា ជាង២,២លាននាក់ និងមានឥណទានសរុប ជាង៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួន ជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៤ទ្រីលានរៀល (៣,៦ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៕
ផ្ដល់សិទ្ធិដោយ៖ khmernas