ភ្នំពេញ៖ សត្វខ្ទីងមួយក្បាល ដែលជាប្រភេទសត្វកម្រនៅកម្ពុជា ត្រូវបានគេប្រទះឃើញងាប់នៅថ្ងៃទី២៣ មិថុនានេះ ដោយសារជាប់អន្ទាក់ ហើយត្រូវព្រានព្រៃពន្លះសាច់ជាដុំៗ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមជនល្មើសបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថាក្រុមមន្ត្រីឧទ្យានុរក្សដើរល្បាតនៅក្នុងតំបន់នោះ ដោយបន្សល់ទុកនូវសាច់សត្វខ្ទីងដែលបានពន្លះជាដុំៗបម្រុងនឹងដឹកចេញ។ បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែលត្រូវបានសម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់ បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ដូច្នេះថា៖«នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថាបានស្លាប់នៅក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ ឆ្នាំ ត្រូវបានដឹងថាត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ»។
លោក នេត្រ ភក្ត្រា ថ្កោលទោសចំពោះក្រុមជនល្មើសដែលតែងតែងលួចប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដឹងឬស្គាល់ពីអត្តសញ្ញានៃជនល្មើសជួយរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចាត់វិធានការតាមច្បាប់។
អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជាជារៀងរាល់ថ្ងៃ ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាង១ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួមនឹងកាំភ្លើងកែច្នៃជាង ៣០០ ដើមត្រូវបានរឹបអូសនៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ នេះ។ នេះបើតាមលោក នេត្រ ភក្ត្រា។
យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាប រហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងក្នុងខេត្តកំពង់ស្ពឺជាដើម។ សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹកនិងពេល ល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វាគឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន ១ បន្ទាប់ពីពពោះរយៈពេល ៩ ខែ។
សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនសត្វខ្ទីងត្រូវបានគេដឹងថា ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់ជាសកលនៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ ២០១៦ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕
ផ្ដល់សិទ្ធិដោយ៖ Khmernas