header ads

Sponsor

ការផ្ទុះឡើងជំងឺកូវីដ១៩នៅទីក្រុងប៉េកាំង បានចាប់ផ្ដើមរាលដាលដល់​ខេត្ត​ក្បែរ​ខាង​មួយ​ទៀត​ដែល​ស្ថិត​នៅ​ខាង​ជើងឆៀងខាងកើត គឺខេត្តLiaoning ខណៈអាជ្ញាធរ​សុខា​ភិ​បាល​ខេត្ត​នេះ​បាន​និយាយ​ថា​ មាន​អ្នកឆ្លងថ្មីចំនួនពីរករណីត្រូវបានគេរាយ​ការណ៍​នៅ​ថ្ងៃ​អាទិត្យ គឺជាអ្នកដែលមាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អ្នកឆ្លងជំងឺកូវីដ១៩​នៅក្នុង​ទី​ក្រុង​ប៉េកាំង។

យ៉ាងហោចណាស់មានទីក្រុងចំនួន១០នៅចិន បាន​ណែ​នាំ​ឱ្យ​ប្រជា​ជន​ មិន​ឱ្យ​ធ្វើ​ដំណើរ​​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង ឬរាយការណ៍ទៅអាជ្ញាធរ ប្រសិន​បើ​ពួក​គេ​ទើបបាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ធានី​មួយ​នេះ​កាល​ពី​ពេលថ្មីៗនេះ។

គិតត្រឹមម៉ោង៣រសៀល នៅថ្ងៃអាទិត្យទី១៤មិថុនានេះ ខណ្ឌចំនួន១០នៅទីក្រុងប៉េកាំង បាន​បង្កើន​កម្រិត​ហា​និ​ភ័យ​នៃការឆ្លងជំងឺកូវីដ១៩ពីកម្រិតទាបទៅមធ្យម ខណៈចិន​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​កើត​ឡើង​រលក​ទីពីរនៃការឆ្លងជំងឺកូវីដ១៩ ក្រោយពីខ្លួន ទើប​តែ​បានបន្ធូរបន្ថយការ​ជាប់​គាំង​នៅ​ក្នុង​ប្រទេស ដែលបានធ្វើឱ្យប៉ះពាល់​សេដ្ឋកិច្ច​កាល​ពី​ដើមឆ្នាំនេះ។

បន្ទាប់ពីអស់ប៉ុន្មានសប្តាហ៍ដែលស្ទើរតែមិនមានការឆ្លងមេរោគថ្មីនៅក្នុងប្រទេសចិន ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ រដ្ឋធានីប៉េកាំងបានប្រកាសករណីឆ្លង​ថ្មីលើ​ប្រជា​ជន​រាប់​សិបនាក់ ដែលជាប់ទាក់​ទង​ទៅ​នឹងទីផ្សារលក់បោះ​ដុំអាហារធំមួយគឺផ្សារXinfadi ដែល​ធ្វើឱ្យមានការព្រួយ​បារម្ភ​អំពី​ការ​កើត​ឡើង​នៃ​ជំងឺ​នេះ​ជាថ្មី។

សម្រាប់នៅទីក្រុងប៉េកាំង គឺអស់រយៈពេលជិតពីរខែមកនេះ គ្មានករណីឆ្លងថ្មីឡើយ ប៉ុន្តែ​​ចាប់​តាំង​ពី​មាន​ការ​ឆ្លង​ជា​លើក​ដំបូង​ឡើង​វិញ ដែលជាប់ពាក់ព័ន្ធនឹងផ្សារលក់​បន្លែ​នេះនៅថ្ងៃទី១២​មិថុនា គឺ​មក​ដល់​ពេល​នេះ អ្នកឆ្លងបានកើនឡើងដល់៥១នាក់ ក្នុងនោះ​មាន៨នាក់​ត្រូវ​បាន​រាយ​ការណ៍​នៅ​រយៈ​ពេល​៧​ម៉ោង​នៅថ្ងៃអាទិត្យ។

មន្រ្តីជំនាញរបស់ចិនបានប្រាប់កាសែត Health Times នៅថ្ងៃអាទិត្យថា ទី​ក្រុង​ប៉េ​កាំង​នឹង​មិន​ក្លាយ​ជា​ទី​ក្រុង​វ៉ូហាន​ទី​២ ដែលវីរុសឆ្លងកូវីដ១៩ អាចរាលដាលទៅកាន់ទីក្រុង​ជា​ច្រើននៅ​ទូ​ទាំង​ប្រទេស ហើយ​ត្រូវ​ការ​បិទប្រទេសម្ដងទៀតឡើយ។

លោកZeng Guang អតីតប្រធានផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលសម្រាប់​ការត្រួត​ពិនិត្យ​និង​ការ​ពារ​ជំងឺ និងបច្ចុប្បន្នជាអ្នកជំនាញជាន់ខ្ពស់នៃគណៈកម្មការសុខភាព​ជាតិរបស់​ប្រទេស​ចិន​បាន​និយាយ​ថា ការផ្ទុះឡើងនៅក្នុងទីក្រុងប៉េកាំងនៅពេលនេះ ទំនងជានឹងត្រូវបានគ្រប់គ្រងបាន បន្ទាប់​ពី​ការ​កើន​ឡើងអ្នក​ឆ្លង​ក្នុង​រយៈ​ពីរ​បីថ្ងៃ​មក​នេះ​៕

ប្រភព៖BBC

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post