header ads

Sponsor

បរទេស

អាម៉ាប៉ាប៉ាញ៉ូស

ចាប់តាំងពីការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩នៅរដ្ឋធានីប៉េកាំងកាលពីថ្ងៃទី១១ខែមិថុនា ដែលត្រូវបានគេសង្ស័យថា បង្កឡើងពីចំណីអាហារស្រស់នៅក្នុងផ្សារដ៏ធំបំផុតមួយ គឺសំណាកអាហារសមុទ្រ សាច់ និងបន្លែនាំចូលផ្សារនេះរាប់ពាន់សំណាកត្រូវបានយកទៅតេស្ដ ប៉ុន្តែទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

កន្លងមក បណ្ដាអង្គការសុខភាពនិងអាហារអន្តរជាតិក៏បានលើកឡើងដែរថា មិនមានភស្ដុតាងណាមួយបង្ហាញថា មេរោគថ្មីគឺអាចឆ្លងតាមរយៈគ្រឿងឧបភោគបរិភោគ ឬការវេចខ្ចប់ចំណីអាហារទាំងនោះឡើយ។

ថ្វីត្បិតមានការលើកឡើងនេះ ប៉ុន្តែវាមិនបានបញ្ឈប់ប្រទេសចិន ក្នុងការចាត់វិធានការរឹតបន្តឹងការការនាំចូលអាហារពីបរទេសឡើយ ដោយសារប្រទេសនេះព្រួយបារម្ភថា ការផ្ទុះឡើងនៅរដ្ឋធានីប៉េកាំងនៅពេលនេះ អាចមានជាប់ទាក់ទងអាហារនាំចូលពីបរទេស។

ការរឹតបន្តឹងរបស់ប្រទេសចិន គឺការហាមឃាត់ផលិតផលពីរោងចក្រផលិតសាច់នៅបរទេសមួយចំនួន និងស្នើសុំឱ្យក្រុមហ៊ុននាំចេញបញ្ជាក់ពីសុវត្ថិភាពនៃការដឹកជញ្ជូនរបស់ពួកគេ។ ការរឹតបន្តឹងនេះបានធ្វើឱ្យមានការព្រួយបារម្ភនៅសហរដ្ឋអាមេរិក ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ទៅលើការនាំចេញអាហារយ៉ាងច្រើន។

គេមិនទាន់ដឹងប្រភពច្បាស់នៅឡើយអំពីការផ្ទុះឡើង នៃជំងឺកូវីដ១៩កាលពីថ្ងៃទី១១មិថុនានៅរដ្ឋធានីប៉េកាំង គឺបន្ទាប់ពីរដ្ឋធានីនេះ បានរាយការណ៍គ្មានការឆ្លងករណីថ្មីរយៈពេល៥៥ថ្ងៃជាប់គ្នា។

ប៉ុន្តែគេបានរកឃើញដានវីរុសនេះនៅលើក្តារជ្រុញមួយ ដែលត្រូវបានគេប្រើសម្រាប់ធ្វើត្រីសាល់ម៉ុន ដែលនាំចេញពីក្រៅប្រទេសចូលមកកាន់ផ្សារលក់ដុំ Xinfadi និងបានជំរុញឱ្យមានការសង្ស័យថា ត្រីនោះអាចជាប់មេរោគតាមរយៈកម្មករឈឺនៅក្រៅប្រទេស ហើយអាចនាំចូលមេរោគចូលមកប្រទេសចិន។

ទោះជាយ៉ាងណា មន្ត្រីសុខាភិបាលចិនបានទទួលស្គាល់ថាការចម្លងរោគពីបរទេស គ្រាន់តែជាទ្រឹស្តីមួយប៉ុណ្ណោះ ហើយមន្រ្តីគយចិនកាលពីសប្តាហ៍មុនបានកត់សម្គាល់ថា ហានិភ័យនៃការឆ្លងមេរោគនេះតាមរយៈពាណិជ្ជកម្មអាហារ គឺទាបណាស់។

ព្រឹត្តិប័ត្រសុខភាពសាធារណៈដែលផ្សាយនៅសប្តាហ៍នេះដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏មិនបានឱ្យពលរដ្ឋផ្អាកការបរិភោគអាហារដែលនាំចូលពីក្រៅប្រទេសដែរ ប៉ុន្តែបានសង្កត់ធ្ងន់ទៅលើអាហារដែលមានអនាម័យត្រឹមត្រូវ។

ចំណែកគោលការណ៍ណែនាំសម្រាប់អាជីវកម្មម្ហូបអាហារ ដែលចេញផ្សាយដោយអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ថា វាមិនទំនងដែលថាមនុស្សអាចឆ្លងជំងឺកូវីដ១៩ ពីរបស់វេចខ្ចប់អាហារឬអាហារនោះទេ។

ប៉ុន្តែអង្គការទាំងនេះគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើអនាម័យឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យលើចំណីអាហារនិងសម្ភារវេចខ្ចប់អាហារ ដែលអាចឱ្យអាហារទាំងនោះឆ្លងវីរុសពីកម្មករដែលឈឺ ខណៈការស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ១៩ អាចរស់បាននៅលើផ្ទៃវត្ថុខ្លះបានរយៈពេលជាច្រើនថ្ងៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post