header ads

Sponsor

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ថា នៅថ្ងៃទី៥ ខែ មិថុនាស្អែកនេះ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហរិញ្ញប្បទានឥតសំណងជាង៤១លានដុល្លារ ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងការបរទេស។

នៅក្នុងសេចក្ដីប្រកាសបន្តថា ជំនួយទាំងនោះគឺសម្រាប់អនុវត្តគម្រោងចំនួន៣រួមមាន អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សចំនួនក្នុងទឹកប្រាក់ប្រមាណ៣.២លានដុល្លារ ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុងទឹកប្រាក់ប្រមាណ១៩.៨លានដុល្លារ និង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងទឹកប្រាក់ប្រមាណ១៨.៤០ លានដុល្លារ។

ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ឲ្យរដ្ឋាភិបាលកម្ពុជានេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត។

កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏ទើបបានផ្ដល់ជំនួយឥតសំណងដល់កម្ពុជាចំនួនប្រមាណ ៣២លានដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅដែរ៕


ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post