header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អង្គការសុខភាពពិភពលោក(WHO)បានបញ្ជាក់ថា ទោះបីជាកម្ពុជាកំពុងគ្រប់គ្រងបានការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ ប៉ុន្តែវានៅតែមានសារៈសំខាន់សម្រាប់កម្ពុជា ដែលត្រូវតែត្រៀមខ្លួនបន្តសម្រាប់ការឆ្លើយតបទៅនឹងជំងឺនេះ ក៏ដូចជាការគំរាមកំហែងសុខភាពនាពេលអនាគត។

អង្គការនេះបន្តថា ប្រទេសកម្ពុជានៅតែបន្តស្ថិតក្នុងដំណាក់កាលដំបូងនៃការរីករាលដាលនៃជំងឺកូវីដ១៩ ហើយកម្ពុជាត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការឆ្លងរីករាលដាលទ្រង់ទ្រាយធំ ដែលអាចកើតឡើងនាពេលខាងមុខ។

ការលើកឡើងនេះ គឺនៅក្នុងរបាយការណ៍មួយរបស់អង្គការសហភាពពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃទី២៩ខែឧសភានេះ ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩អស់រយៈពេល១០០ថ្ងៃរបស់ប្រទេសកម្ពុជា ដែលអង្គការនេះបានកោតសរសើរថា កម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពចំពោះករណីដំបូងនៃជំងឺកូវីដ១៩។

មកដល់ពេលនេះ ប្រទេសកម្ពុជារាយការណ៍ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២៥នាក់ ក្នុងនោះអ្នកជំងឺចំនួន១២៣នាក់បានជាសះស្បើយ និង២នាក់កំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីច្រើនលើសលុបនៅកម្ពុជាគឺសុទ្ធតែបាននាំចូលពីក្រៅប្រទេស។

WHOបានបញ្ជាក់ថា ហានិភ័យនៃការឆ្លងរីករាលដាលនៅកម្ពុជា គឺនៅតែមានកំរិតខ្ពស់នៅឡើយ ព្រោះថាការករណីនាំចូលពីក្រៅប្រទេសមកកម្ពុជា គឺនៅតែអាចកើតមានទៀត ខណៈប្រទេសជាច្រើន កំពុងមានការឆ្លងនៅតាមសហគមន៍នៅឡើយ។

WHOបន្តថា ជំងឺរាតត្បាតនេះនឹងមិនបញ្ចប់ឆាប់ៗនេះឡើយ ហើយវានឹងបញ្ចប់គឺនៅពេលណាដែលពិភពលោកទាំងមូលលែងការចម្លងតទៅទៀត ដែលនេះមានន័យថា កម្ពុជាត្រូវតែបន្តពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ និងការត្រៀមខ្លួនថែរក្សាសុខភាព មុនពេលកើតមានរលកថ្មីនៃការចម្លងនាពេលខាងមុខ។

អង្គការសុខភាពពិភពលោកបញ្ជាក់ថា កម្ពុជាត្រូវបន្តផ្តោតលើការត្រួតពិនិត្យច្រកចូលនៅតាមអាកាសយានដ្ឋាននិងតាមច្រកព្រំដែនគោក ពង្រីកការឃ្លាំមើលជំងឺផ្លូវដង្ហើមនេះ ការបង្កើនសមត្ថភាពឆ្លើយតប តាមដាន និងមន្ទីរពិសោធន៍នៅថ្នាក់ខេត្ត ស្រុក និងសហគមន៍ និងបន្តធ្វើឱ្យប្រសើរឡើងនូវការទំនាក់ទំនងដែលមានហានិភ័យនៅពេលស្ថានភាពកំពុងវិវត្ត។

កាលពីពេលថ្មីៗនេះ លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបាននិយាយថា បច្ចុប្បន្នគ្មានអ្នកណាម្នាក់អាចព្យាករណ៍ទុក​មុន​អំពី​លទ្ធ​ផល​កើត​ឡើង​ដោយ​សារ​ជំងឺ​រាត​ត្បាត​កូវីដ១៩ឡើយ ដូច្នោះរឿងសំខាន់បំផុតដែលត្រូវធ្វើនៅពេលនេះ គឺការត្រៀមការឆ្លើយតបដ៏ល្អមួយសម្រាប់រលកថ្មី​នៃ​ការ​ឆ្លង​នៅ​កម្ពុជា។

លោកស្រីបានសំណមពរចំណុចសំខាន់ចំនួន៣យ៉ាង ទៅដល់ពលរដ្ឋកម្ពុជានិងរដ្ឋាភិបាលកម្ពុជា គឺទី​មួយ​ត្រូវ​បន្ត​ការ​ប្រុង​ប្រយ័ត្ន ទី២ត្រូវផ្លាស់ប្ដូរឥរិយាបទរស់នៅដែលត្រូវប្រកាន់ភ្ជាប់នឹងការណែនាំនានា និងទី៣​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​សម្រាប់ការឆ្លើយតបបន្ទាន់នៃការផ្ទុះឡើងជំងឺរាតត្បាតនាពេលខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post