សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសថៃ៖ ក្រោយពេលជាង១ខែហើយដែលប្រទេសថៃ គ្មានការឆ្លងក្នុងសហគមន៍នោះ កាលពីម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីថៃ បានប្រកាសសុំទោសជាសាធារណៈ ខណៈមានករណីចម្លងជំងឺកូវីដ១៩ ចំនួន២ ជាករណីថ្មី ដែលនាំឲ្យបារម្ភថា ប្រទេសនេះនឹងមានការចម្លងក្នុងសហគមន៍ជាថ្មី ។
ក្នុងកិច្ចប្រជុំស្តីពីស្ថានភាពកូវីដ១៩ លោក ប្រាយុទ្ធ ចាន់អូចា បានឲ្យដឹងថា «ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាទុកចិត្ត ហើយខ្ញុំសុំទោស សុំទោសសម្រាប់ប្រជាជនថៃទាំងអស់នេះ នេះគឺជាអ្វីពុំមានយូរមកហើយ» លោកបន្តថា «រឿងនេះមិនគួរកើតមានទេ»។
សូមបញ្ជាក់ជូនថា ពីរករណីថ្មីនេះ គឺសំដៅលើកូនស្រីវ័យ៩ឆ្នាំម្នាក់ របស់មន្ត្រីទូតស៊ូដង់ នៅទីក្រុងបាងកក និងមន្ត្រីយោធាអេហ្ស៊ីប ដែលធ្វើការនៅរ៉ាក់យ៉ង ប្រទេសថៃ ដែលនាំឲ្យមានការបារម្ភថា នឹងមានផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី។
ក្មេងស្រីម្នាក់នេះបានឆ្លងកូវីដ១៩ នៅថ្ងៃជាមួយគ្នានឹងក្រុមគ្រួសារដែលបានមកពីស៊ូដង់ ហើយក្រុមគ្រួសារនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅខុនដូមួយ ក្នុងក្រុងបាងកក ក្រោយពេលក្មេងស្រីម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្វីដែលសំខាន់នោះ មានរបាយការណ៍ពីសកម្មភាពរបស់អ្នកជំងឺទាំងនោះ នៅក្នុងក្រុងបាងកក និងខេត្តរ៉ាក់យ៉ង។
ប្រទេសថៃពេលនេះបានចាប់ផ្តើមពិនិត្យមើលបំរាមនានាឡើងវិញ រួមមានទាំងការអនុញ្ញាតឲ្យមន្ត្រីការទូតចូលប្រទេស ដែលធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង ដោយមិនចាំបាច់ធ្វើនៅកន្លែងគ្រប់គ្រងដោយក្រសួងសុខាភិបាលជាដើម៕