នៅ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តកំពត-កែប ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅក្នុងផ្សារក្តាម ខេត្តកែប។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដូចជា៖ ពពុះសណ្តែក មឹកស្រស់ និងបង្គារស្រស់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
**ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពមួយចំនួន។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ទំនិញខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាពបន្តទៀត ។
មន្រ្តីសាខា ក.ប.ប បានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕