សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាម បានប្រកាស ថាត្រៀមលក្ខណៈសម្បត្តិដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ទ្រង់ទ្រាយធំនៅក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃជាច្រើន ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ។
ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រុងប្រៀបប្រមូលនិងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់អោយបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូចនិងសកម្មជនដីធ្លីមួយចំនួន យកលេសនេះមកទាមទារចំណែកអោយអាជ្ញាធរដោះស្រាយជូនដែរ។
បញ្ហាដែលរដ្ឋបាលស្រុកត្រូវតែគ្រប់គ្រងអោយបានក្នុងពេលនេះគឺ៖
- កំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ រឺគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋ រួចទាមទារអោយអាជ្ញាធរទទួលស្គាល់
- ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ រឺសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកហើយ
សកម្មភាពទាំងនេះ ទាំងចាស់ថ្មី នឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់ ដែលរដ្ឋបាលស្រុកនឹងបន្តប្រកាន់ជំហររឹងម៊ាំមុឹងមាត់បំផុត ព្រមទាំងនឹងមានចំណាត់ការខាងផ្លូវច្បាប់យ៉ាងតឹងរឹងសម្រាប់ជនល្មើសទាំងនោះផងដែរ។ ដើម្បីជាការត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក៏ដូចជាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបានតម្រូវអោយមេភូមិមេឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រីរួសរាន់សហការជាមួយតំណាងរដ្ឋបាលព្រៃឈើនិងតំណាងក្រសួងបរិស្ថានចុះស្រង់ទិន្នន័យនៃប្រជាពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជ
រដ្ឋាភិបាល ដោយផ្តល់អាទិភាពចម្បងទៅលើលក្ខណៈវិនិច្ឆ័យចំនួន៤មុនគេរួមមាន៖
- - ការកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ
- - ដីដែលមិនមានទំនាស់
- - ដីដែលមានឯកសារបញ្ជាក់ពីរយៈពេលកាន់កាប់ និងអត្តសញ្ញាណច្បាស់លាស់
- - ការកាន់កាប់អាស្រ័យផលលើដីទំហំតូចៗជាលក្ខណៈគ្រួសារ