header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​ បានសម្រេចនឹងធ្វើនីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រានៅកន្លែងផ្តល់សេវារួមគ្នាតែមួយនៅខែកញ្ញាខាងមុខនេះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ចំណាយពេលវេលាយូដល់ពលរដ្ឋ ឲ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័សទៀតផង។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិភាក្សាការងារជាមួយ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា និងពិនិត្យទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត កាលពីនៅថ្ងៃទី ៩ខែកក្កដា។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នេះគឺជាការបោះជំហានជាវិជ្ជមានមួយ ដែលស្របតាមគោលនយោបាយកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈ របស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ គឺ “ធ្វើឱ្យមានតម្លាភាព មានប្រសិទ្ធភាព និងឱ្យបានឆាប់រហ័ស”។

បើតាមលោករដ្ឋមន្រ្តីក្រសួងសាធារណការ បច្ចេកទេសផ្តល់សេវា តាមលំហូរចរន្តការងារក្នុងការផ្ទេរកម្មសិទ្ធិយានជំនិះ តាមប្រព័ន្ធបច្ចេកវិទ្យា និងបង់ពន្ធប្រថាប់ត្រានេះ នឹងជួយសម្រួលនីតិវិធីជូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួល កាត់បន្ថយភាពស្មុគស្មាញ និងលុបបំបាត់ការចំណាយក្រៅផ្លូវការ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ សូមជម្រាបថា ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រានេះ នឹងត្រូវអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យតាមអនឡាញ (ONLINE) តាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬអាចទៅកាន់ទីតាំងផ្តល់សេវាផ្ទាល់

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post