header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

អគ្គិសនីកម្ពុជាសូមជម្រាបជូនថា ការផ្គត់ផ្គង់អគ្គិសនីនៅស្រុកខ្សាច់កណ្ដាល និងល្វាឯម ត្រូវបានពឹងផ្អែកទាំងស្រុងពីប្រភពក្នុងរាជធានីភ្នំពេញ ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ ដែលធ្វើឲ្យមានបញ្ហារអាក់រអួលជារឿយៗ ដោយសារការប្រើប្រាស់លើសបន្ទុក ក៏ដូចជាចម្ងាយឆ្ងាយតាមបណ្ដាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល ដែលងាយរងប៉ះពាល់មែកឈើនៅតាមដងផ្លូវ។ កាលពីឆ្នាំ២០១៥ អគ្គិសនីកម្ពុជាបានអូសខ្សែកាបកប់ឆ្លងបាតទន្លេមេគង្គផ្គត់ផ្គង់នៅកោះដាច់ កោះឧកញ៉ាតី និងកប់ឆ្លងទន្លេមកស្រុកខ្សាច់កណ្ដាលជួយផ្គត់ផ្គង់នៅស្រុកទាំងពីរនេះបន្ថែមទៀត។ ស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់បានល្អជាងមុន ប៉ុន្តែមានតែមួយប្រភពដូចគ្នាគឺយកមកពីរាជធានីភ្នំពេញ។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

​ជាមួយនឹងបញ្ហាប្រឈមទាំងនេះ អគ្គិសនីកម្ពុជាក៏បានសិក្សា និងសាងសង់ខ្សែបញ្ជូន ២៣០គីឡូវ៉ុល ដែលមានតម្លៃរាប់រយលានដុល្លារ ឆ្លងកាត់ពីស្រុកឧត្តុង្គ ពញាឮ ព្រែកព្នៅ មុខកំពូល ខ្សាច់កណ្ដាល ល្វាឯម កៀនស្វាយ ស្អាង និងក្រុងតាខ្មៅ ដើម្បីផ្គត់ផ្គង់តំបន់ភាគខាងកើតទន្លេសាប ទន្លេមេគង្គ ព្រមទាំងរាជធានីទាំងមូលឲ្យបានល្អប្រសើរ ដែលក្នុងនេះមានអនុស្ថានីយ ៣ កន្លែង៖ អនុស្ថានីយល្វាឯមក្បែររោងចក្រអគ្គិសនីទី៧(C7) ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ អនុស្ថានីយមុខកំពូល អាចនឹងដាក់ឲ្យដំណើរការនៅខែសីហា-កញ្ញា ឆ្នាំ២០២០ នេះ និងអនុស្ថានីយ ខ្សាច់កណ្ដាលផ្លូវជាតិលេខ៨ក្បែរ 7NG ដំណើរការនៅដើម ឆ្នាំ២០២១ ខាងមុខនេះ។ នៅថ្ងៃទី០៩ ខែកក្កដា វេលាម៉ោងប្រមាណ ៤ទៀបភ្លឺ មានសាឡង់មួយ បានបើកមកឈប់ក្បែរខ្សែកាបទន្លេនោះ (អាចទាក់ជាមួយយុថ្កា) ធ្វើឲ្យដាច់រលត់ការផ្គត់ផ្គង់ទាំងស្រុងនៅកោះដាច់ កោះឧកញ៉ាតី មួយភាគនៃស្រុកខ្សាច់កណ្ដាល និងល្វាឯម។

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦

នៅយប់ថ្ងៃដដែល អគ្គិសនីកម្ពុជាបានសហការជាមួយបណ្ដាសេវាករផ្គត់ផ្គង់តាមតំបន់នេះ ដាក់ឲ្យដំណើរការដោយយកប្រភពពីក្រុងតាខ្មៅឆ្លងកាត់តាមស្រុកកៀនស្វាយតាមរយៈខ្សែឆ្លងទន្លេមេគង្គក្រោម ប៉ុន្តែខ្សែនេះមិនមានសមត្ថភាពផ្គត់ផ្គង់បានទាំងអស់ឡើយ។ អគ្គិសនីកម្ពុជា កំពុងរកដំណោះស្រាយការផ្គត់ផ្គង់អគ្គិសនីនៅស្រុកខ្សាច់កណ្ដាល និងល្វាឯម ត្រូវបានពឹងផ្អែកទាំងស្រុងពីប្រភពក្នុងរាជធានីភ្នំពេញ។ អគ្គិសនីកម្ពុជា បានរកដំណោះស្រាយការផ្គត់ផ្គង់ជាបណ្ដោះអាសន្នឲ្យបានគ្រប់គ្រាន់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ។ នៅពេលអនុស្ថានីយថ្មី ដាក់ឲ្យដំណើរការ ស្ថានភាពដូចបច្ចុប្បន្ននេះនឹងមិនកើតមានទៀតទេ។ ដូច្នេះមុននឹងអនុស្ថានីយថ្មីខាងលើដាក់ឲ្យដំណើរការ អគ្គិសនីកម្ពុជាសូមអធ្យាស្រ័យដល់បងប្អូនអតិថិជនទាំងអស់នៅតំបន់នេះ ក្នុងករណីមានការរអាក់រអួលដោយយថាហេតុ។

រូបភាពទី៧
រូបភាពទី៨
រូបភាពទី៩
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post