សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរីបានត្រៀមដីចំនួន ៦០០ហិកតា ដើម្បីផ្តល់ឲ្យរាជរដ្ឋាភិបាល សាងសង់ប្រលានយន្តហោះថ្មី ដើម្បីរួមចំណែកជួយពន្លឿនសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងខេត្ត ។ នេះបើតាមការបញ្ជាក់របស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តមណ្ឌលគិរី» នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
លោកអភិបាលខេត្ត បានឲ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តមណ្ឌលគិរីនេះ មានចម្ងាយប្រមាណជាង២២គីឡូម៉ែត ពីទីក្រុងសែនមនោរម្យ ដែលមានផ្ទៃដីធំទូលាយប្រមាណ៦០០ហិកតា។
លោកបញ្ជាក់ថា រដ្ឋបាលខេត្តមណ្ឌលគិរី បានជ្រើសរើសយកទីតាំងសាងសង់ព្រលានយន្តហោះថ្មីនេះបន្ថែម ដោយមិនបោះបង់ចោលព្រលានយន្តហោះចាស់ឡើយ គឺទុកផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគ។
លោកបន្តថា៖ «យើងទុកទីតាំងព្រលានចាស់នោះធ្វើជាសួនច្បារលម្អនៅក្នុងខេត្ត ហើយយើងរកទីតាំងថ្មីដែលមានផ្ទៃដី ៦០០ហិកតា ដើម្បីត្រៀមកសាងព្រលានយន្តហោះថ្មី ដែលអាចចុះចតតាមតម្រូវការបាន ដោយអាស្រ័យនិងការសិក្សារបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ » ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តនេះ បានអះអាងថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីមនុស្សមួយចំនួន ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។
សូមបញ្ជាក់ថា ប្រលានយន្តហោះចាស់ នៅខេត្តមណ្ឌលគិរី មានផ្ទៃដីទំហំប្រមាណ ១៩ហិកតាប៉ុណ្ណោះ៕
អត្ថបទ៖ សុន មិនា