សង្គម
អាម៉ាប៉ាប៉ាញ៉ូសសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បណ្ឌិត្យសភានគរបាលកម្ពុជា នឹងកាត់បន្ថយនគរបាលទៅសិក្សានៅក្រៅប្រទេស ហើយបណ្ឌិត្យសភា នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្នែកនគរបាលឲ្យមកបង្ហាត់បង្រៀន។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
សម្តេច បានគូសបញ្ជាក់ថា ការកាត់បន្ថយនគរបាលទៅសិក្សានៅក្រៅប្រទេស មិនមែនមានន័យថា លុបបំបាត់ទាំងស្រុងឡើយ។ ការបញ្ជូននគរបាលទៅសិក្សានៅក្រៅប្រទេស មានសារៈសំខាន់ណាស់ ដើម្បីឲ្យមានការយល់ដឹងអំពីសមត្ថភាពមន្ដ្រីនគរបាល ដើរទន្ទឹមនឹងការយល់ដឹង និងសមត្ថភាពរបស់នគរបាលតាមបណ្ដាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក។
«ការសម្រេចចិត្តជាយុទ្ធសាស្ដ្រមួយថា យើងត្រូវតែម្ចាស់ការ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាលដោយខ្លួនឯងនោះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវជាគោលការណ៍យុទ្ធសាស្ដ្រដ៏ត្រឹមត្រូវ ដែលខ្ញុំចង់បានជាយូរហើយ ខ្ញុំក៏ធ្លាប់និយាយហើយ មកដល់ពេលនេះយើងអាចចាប់ផ្ដើមចេញដំណើរបាន ចង់និយាយថា យើងអាចឈានកាត់បន្ថយបណ្ដើរៗ»។
បើតាមសម្តេច ស ខេង បណ្ឌិត្យសភានគរបាលកម្ពុជា កាត់បន្ថយនគរបាលទៅសិក្សានៅក្រៅប្រទេស ប៉ុន្ដែបណ្ឌិត្យសភាត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធផ្នែកនគរបាល ដោយចាត់បញ្ជូនគ្រូមកបង្ហាត់បង្រៀន។ ដូច្នេះ បណ្ឌិត្យសភានគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ នឹងសិក្សាអំពីបញ្ហាខាងលើ។
សម្តេចរំឮកថា នាពេលកន្លងមក បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានចាត់បញ្ជូននគរបាលទៅសិក្សានៅក្រៅប្រទេស ជាច្រើនផងដែរ៕